​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ស្រូវ​ក្រអូប​កំពុង​ដើរតួរ​យ៉ាងសំខាន់​នៅក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ ការនាំចេញ​អង្ករ​ក្រអូប​មាន​ចំនួន​៥៦,៦% នៃ​ការនាំចេញ​ផលិត​អង្ករ​សរុប​នៅ​ឆ្នាំ​២០១៦ ក្នុងនោះ​អង្ករ​ផ្ការំដួល​មាន​ចំណែក​៣២% ដែល​បញ្ជាក់​ឲ្យ​ឃើញថា អង្ករ​ក្រអូប​កំពុងតែ​មានការ​ពេញនិយម​ខ្លាំង​នៅលើ​ទីផ្សារ​អន្តរជាតិ ហេតុដូច្នេះ ក្រសួងកសិកម្ម​កំពុង​ជំរុញ ​“​ប​សិ​ដ្ឋ​កម្ម​ពូជស្រូវ​ក្រអូប​មិន​ប្រកាន់​រដូវ​”​។

​លោក វេ​ង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ឲ្យ​ដឹងថា នៅ​ប្រទេស​កម្ពុជា​ពូជស្រូវ​ក្រអូប​ប្រណីត​ប្រពៃណី​ស្ទើរតែ​ទាំងអស់​គឺជា​ប្រភេទ​ដំណាំ​ប្រកាន់​រដូវ ដែល​អាច​ឲ្យ​កសិករ​ដាំ​បានតែ​ម្តង​ក្នុង​មួយឆ្នាំ នៅ​រដូវវស្សា ប៉ុន្តែ តាម​អនុសាសន៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី ស្រាវជ្រាវ​រក​ពូជស្រូវ​ក្រអូប​ប្រណីត បង្កើន​ការដាំដុះ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​គ្រប់​រដូវ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា បាន​អភិវឌ្ឍន៍​ស្រ​ឡាយ​ស្រូវ​ក្រអូប ដែល​អ​វេទ​រស​ទៅនឹង​ពន្លឺ (​មិន​ប្រកាន់​រដូវ​) តាមរយៈ​ការ​បង្កាត់​រវាង​ពូជស្រូវ​ផ្ការំដួល (​មេ​) និង​ស្រ​ឡាយ CNi9024 (​បា​) ដែលមាន​ប្រភព​មកពី​ប្រទេស​ចិន និង​អ​វេទ​រស​ទៅនឹង​ពន្លឺ (​មិន​ប្រកាន់​រដូវ​) នៅ​ឆ្នាំ​២០១៣​។

​លោក​បាន​បន្តថា តាមរយៈ​ការជ្រើសរើស​ជា​បន្តបន្ទាប់ ស្រ​ឡាយ​ចំនួន​១០០ ក្នុង​ជំនា​ន់ទី​៦ បាន​ដាំ និង​ជ្រើសរើស​ក្នុង​រដូវប្រាំង និង​រដូវវស្សា​។

​លោក​បាន​បន្តថា នៅ​ឆ្នាំ​២០១៧ ដោយមាន​ការសហការ​ណ៍​ឧបត្ថម្ភ​ថវិកា​ពី​រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​គម្រោងកា​វ៉ា​ក់ (CAVAC) វិទ្យាស្ថាន​កា​ឌី​បាន​ពង្រីក​ការធ្វើ​ពិសោធន៍​ស្រាវជ្រាវ​នៅតាម​ក្សេត្រ​បរិស្ថាន ផ្សេងៗ​ក្នុង​ខេត្តព្រៃវែង សៀមរាប បាត់ដំបង និង​ក្នុង​វិទ្យាស្ថាន​កា​ឌី​។

​គម្រោង​នេះ​មាន​គោលបំណង​ពង្រីក​ការដាំដុះ​ពូជស្រូវ​ក្រអូប​សម្រាប់​ការនាំចេញ ហើយ​ត្រូវបាន​អនុ​វត្តមាន​រយៈពេល ៤​ឆ្នាំ (២០១៧-២០២០)​។ ជា​លទ្ធផល​ស្រ​ឡាយ​ដែលមាន​សំដែង​កម្ម​ល្អ​ចំនួន​៣ ត្រូវបាន​ជ្រើសរើស បញ្ចូល​ក្នុង​ពិសោធន៍​បន្សាំ​ពូជ​លើ​ស្រែ​កសិករ ចំនួន​៤០ កន្លែង​ក្នុង​ខេត្តព្រៃវែង​។ ក្នុង​រដូវវស្សា​ឆ្នាំ​២០២១ នេះ​ពិសោធន៍​បន្សាំ​ពូជ​លើ​ស្រែ​កសិករ ចំនួន​៤០ កន្លែង​ទៀត នឹងត្រូវ​ធ្វើ​បន្ត​នៅក្នុង​ខេត្ត ព្រៃវែង ក្នុងនោះ ២៥ ពិសោធន៍​អនុវត្តន៍​ដោយ​កា​ឌី និង​១៥​ពិសោធន៍​ទៀត​អនុវត្តន៍​ដោយ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ។ ទិន្នន័យ​ដែល​ទទួលបាន នឹងត្រូវ​ធ្វើការ​វិភាគ មុននឹង​បញ្ចេញ និង​ផ្សព្វផ្សាយ ស្រ​ឡាយ​ដែល​ល្អ​ជាងគេ​ជូន​កសិករ​ប្រើប្រាស់​នាពេលខាងមុខ​៕​