ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ជនបរទេសម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ ក្នុងបន្ទប់ ផ្ទះសំណាក់ មួយកន្លែង ដែលមានយីហោ មាន មាន ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៦ និង ៣០ នាទី ល្ងាចថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១។ តែទោះជាយ៉ាងនេះក្តី រហូតដល់ម៉ោង ៨ និង ៣០ នាទី ព្រឹកថ្ងៃទី ៩ ខែសីហានេះ គេឃើញសមត្ថកិច្ច នគបាលខេត្ត និងនគបាល ក្រុង និងប៉ុស្ដិ៍រដ្ឋបាល គ្រូពេទ្យ និងតំណាងសាលាដំបូងខេត្ត បានសហការ ពិនិត្យធ្វើកោសល្យវិច័យ ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន ដែលស្ថិតក្នុងការត្រួតពិនិត្យ បានឲ្យដឹងថាៈ ជនបរទេស ដែលបានដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ ខាងលើនេះ មានឈ្មោះ បូវៃយ៍ ប៉ាទ្រីកគ៍ អូលីវីយេ (Bovey Patrick Olivier) អាយុ ៥៧ ឆ្នាំ ជាជនជាតិស្វីស មានមុខរបរ មិនពិតប្រាកដ ។
មេការ នៃផ្ទះសំណាក់ យីហោ មានមាន បានអោយដឹងថាៈ ជនបរទេសដែល ដេកស្លាប់ ក្នុងបន្ទប់ជួលនេះ បានមកជួលបន្ទប់ស្នាក់នៅ ផ្ទះសំណាក់ អស់រយៈពេល ជាច្រើនឆ្នាំណាស់ មកហើយ។
មេការ បានអោយដឹងទៀតថាៈ ជាទម្លាប់ ជនបរទេស ខាងលើនេះ គេពុំសូវ ចេញមកក្រៅ បន្ទប់ប៉ុន្មានទេ ដោយច្រើនតែចេញ ទៅទិញម្ហូបអាហារម្ដងម្កាល យកមកហូប នៅក្នុងបន្ទប់ ។
ដោយឡែក នៅមុនថ្ងៃកើតហេតុ អ្នករស់នៅបន្ទប់ជិតខាង បានឱ្យដឹងថាៈ ជនរងគ្រោះ មិនបានចេញពីបន្ទប់ ១ ទៅ ២ ថ្ងៃហើយ ទើប អ្នកជិតខាង មានការ សង្ស័យ ហើយក៏នាំគ្នា អើតតាមប្រឡោះទ្វារ ឃើញជនរងគ្រោះ ដេកមិនកម្រើក ទោះស្រែកហៅ ក៏មិនឆ្លើយ ។ ដោយមានការសង្ស័យ ក៍រាយការណ៍ ជូនមេភូមិ និងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ មកធ្វើការពិនិត្យ ។
ក្រោយពីទទួលបានដំណឹងហើយ សមត្ថកិច្ច បានចុះទៅពិនិត្យ ទើបដឹងថា ជនរងគ្រោះ ពិតជាបានស្លាប់ ក្នុងបន្ទប់ដែលបិទគន្លឹះពីខាងក្នុងជាប់ ពិតមែន ក៏បាន យកខ្សែព័ទ្ធការពារ ពីខាងក្រៅ និងរង់ចាំក្រុមការងារជំនាញ គ្រូពេទ្យ ទៅពិនិត្យ នៅព្រឹកថ្ងៃទី៩ ខែសីហា តាមនីតិវិធី ។
ក្រោយពីបានត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរួចមក ក្រុមការងារជំនាញ គ្រូពេទ្យ បានបញ្ជាក់ថា ជនរងគ្រោះខាងលើនេះ បានស្លាប់ដោយជំងឺប្រចាំកាយ (ហឺត) ដោយសំអាងលើប្រដាប់ដាក់ថ្នាំ និងសំបកថ្នាំ ដែលបានបន្សល់ទុកនៅកន្លែង កើតហេតុ។
លោកអធិការនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹង នៅថ្ងៃដដែលថាៈ សាកសព ជនបរទេស ដែលដេកស្លាប់ខាងលើនេះ ត្រូវបានកម្លាំងជំនាញ បច្ចេកទេស នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បញ្ជូនទៅអោយស្ថានទូតស្វីសប្រចាំនៅ ប្រទេសកម្ពុជា ដើម្បីបញ្ជូនទៅឱ្យ ក្រុមគ្រួសារ នៅឯប្រទេសសាម៉ឺ៕/V-PC