ដោយៈ អង្គារ៍ហង / ភ្នំពេញៈ មនុស្សប្រុសស្រី ចំនួន ៤ នាក់ បានរងរបួសធ្ងន់ស្រាល ដោយសាររថយន្តឡិចស៊ីស RX-330 បោះពួយក្នុងល្បឿនលឿន ជ្រុលទៅបុកឡាំ ប្រ៊ឺតា មួយគ្រឿង ពេញទំហឹង រួចរេចង្កូត ទៅបុករះម៉ូតូ និងកន្លែងលក់ដូរមួយកន្លែង ទៀត ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ នៅចំណុច ស្តុបថ្នល់បត់ តាមបណ្តោយផ្លូវ ២១៧ កែងនឹងផ្លូវបេតុងព្រៃស ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។ រថយន្តបង្កព្យាយាមបើករត់គេច ផ្អើលសមត្ថកិច្ច ខណ្ឌដង្កោ ដេញតាម រហូតមកដល់ចំណុច ផ្ទះលេខ 124EEo ផ្លូវ03 ក្នុងបូរីឡាយគង់ ទើបសមត្ថកិច្ច ឃាត់ជាប់បានតែរថយន្ត ឯតៃកុង រត់ចូលផ្ទះបាត់ ហៅមិនចេញពីផ្ទះ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនកើតហេតុ គេឃើញ បុរសម្នាក់ បើករថយន្តឡិចស៊ីស RX-330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-1731 ធ្វើដំណើរតាម បណ្តោយផ្លូវ ២១៧ ទិសដៅពីខាងត្បូង ទៅខាងជើង ក្នុងល្បឿន យ៉ាលឿន លុះមកដល់ចំណុច កើតហេតុ ខាងលើ បានជ្រុលទៅបុក ឡាំប្រ៊ឺតា ពណ៌លឿង ពាក់ស្លាកលេខ 1GU 9698 បើកបរដោយ បុរសម្នាក់ រួមដំណើរនឹងស្ត្រីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ បេតុងព្រៃស ទិសដៅ ពីខាងលិច ទៅខាងកើត ពីចំហៀងខាងស្តាំ ពេញទំហឹង គាបជាប់ជាមួយកង់បី ។
ភ្លាមនោះ ប្រជាពលរដ្ឋ ជាច្រើននាក់ នៅកន្លែងកើតហេតុ នាំគ្នាឃាត់រថយន្តបង្ក នោះដែរ តែរថយន្តបង្ក បានថយក្រោយ រួចបើករត់ រេចង្កូតទៅបុករះម៉ូតូ សង់កូរ៉េមួយគ្រឿង ចតស្ងៀម និងកន្លែងលក់ដូរ មួយកន្លែងទៀត រងការខូចខាត យ៉ាងដំណំ និងរបួសធ្ងន់ស្រាល មនុស្សប្រុសស្រី ៤ នាក់ ក្នុងពេលនោះទៅ។
ក្រោយមក សមត្ថកិច្ច បានយករថយន្តបង្ក ទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីឲ្យម្ចាស់ចូលខ្លួន មកដោះស្រាយគ្នា តាមផ្លូវច្បាប់៕/V-PC