​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ អតីត​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អា​ហ្វ​ហ្គានី​ស្ថាន​លោក រ៉ា​យ​អែ​ន ក្រុក​ឃើ បាន​លើកឡើង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ ABC ថា បន្ទាប់​ពី​ការ​ដកទ័ព​អាម៉េរិក​ចេញ​ទាំងស្រុង ក្រុម​តា​លី​បង់​នឹង​មិន​អាច​កាន់កាប់​អា​ហ្វ​ហ្គានី​ស្ថានបាន​ទាំងស្រុង​យ៉ាង​រហ័ស​ឆាប់​នោះឡើយ​។​

​លោកក្រុ​កឃើនិយាយ​ថា “​សង្គ្រាម​ស៊ីវិល​ត្រាំត្រែង​ទំនងជា​នឹង​កើតឡើង​ជាជាង​ការកាន់កាប់​ប្រទេស​ទាំងមូល​ដោយ​ពួក​តា​លី​បង់​យ៉ាង​ឆាប់រហ័ស​។ ពួកគេ​ដឹង​ច្បាស់​ណាស់​អំពី​រឿង​នេះ​។​ពួកគេ​​នឹង​មិន​បើក​ការវាយលុក​ទ្រង់ទ្រាយ​ធំ​ចូល​ទីក្រុង​កា​ប៊ុល​នោះឡើយ​”​។

​អតីត​ឯកអគ្គរដ្ឋទូត​រូបនេះ​បាន​បន្ថែមថា បច្ចុប្បន្ន​អង្គការ​ភេរ​វករ​នេះ​កំពុង​ព្យាយាម “​បង្កើត​បរិយាកាស​នៃ​ការភ័យខ្លាច​និង​ការភិតភ័យ​” ហើយ​កំពុង​ទទួល​ជោគជ័យ​ក្នុង​រឿងនេះ​”​យ៉ាង​​អស្ចារ្យ​”​។​

​ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ បើ​ទោះបីជា​ក្រុម​តា​លី​បង់​កំពុង​រុញច្រាន​ទីក្រុង​កា​ប៊ុល​យ៉ាងណាក៏ដោយ ក៏​លោកក្រុ​ក​ឃើ​នៅតែ​មើលមិនឃើញ​ប្រធានាធិបតី​អាម៉េរិក​ចូ បៃ​ដិ​នដក​ការសម្រេចចិត្ត​​របស់លោក​ក្នុង​ការគាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​តា​លី​បង់ ដែល​សម្រុះសម្រួល​ដោយ​លោក​ដូណាល់ ត្រាំ​។ អតីត​ប្រេសិត​រូបនេះ​ជឿ​ថា​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​រូប​នេះ​តាំងចិត្ត​​គាំទ្រ​ការសម្រេចចិត្ត​ដក​កងទ័ព​ចេញពី​អា​ហ្វ​ហ្គានី​ស្ថានឱ្យ​ខាងតែបាន​។​

​លោកក្រុ​កឃើនិយាយ​ថា “​ប្រធានាធិបតី​ចូ បៃ​ដិន​បានបញ្ជាក់​ច្បាស់​ហើយ​លើ​រឿងនេះ​។ យើង​នឹង​ចេញ​ក្រៅ ហើយ​នឹង​នៅ​ខាងក្រៅ​។ គាត់​គោរព​សន្យា​។​ការសម្រេចចិត្ត​នេះ​បាន​ក្លាយ​ជា​ស្នាម​​ប្រឡាក់​មិន​អាច​លុប​ជ្រះ​រួចទៅហើយ​ក្នុង​អាណត្តិ​ប្រធានាធិបតី​របស់គាត់​”៕

​លោកក្រុ​កឃើមើលឃើញ​សង្គ្រាម​ត្រាំត្រែង​អាច​នឹង​កើតឡើង​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ក្រោយ​កងទ័ព​បរទេស​ដក​អស់​ពី​ប្រទេស​នេះ