ដោយៈ ជា សីហៈ/ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅតាមស្រុក ភូមិទាំងអស់ក្នុងតំបន់ភូមិភាគឥសាននៃប្រទេសកម្ពុជា បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដើម្បីប្រយុទ្ធទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ។
នេះគឺជាទិដ្ឋភាពជាក់ស្តែង ដែលកើតឡើងនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នៅពេលលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានក្រុមការងារខេត្តក្រចេះ និងសហការី រួមទាំងមន្ត្រីមូលដ្ឋាន បានអញ្ជើញចុះទៅជួបសំណេះសំណាលលើកទឹកចិត្តដល់ប្រជាពលរដ្ឋចំនួនប្រមាណ ៣៥០នាក់ ដែលបានមកទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រៀបចំដោយក្រុមការងារចំរុះខេត្ត ស្រុក នៅសាលាបឋមសិក្សាអូរគ្រៀង ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
ក្នុងឱកាសនោះ លោក ព្រុំ សុខា បានថ្លែងគូសបញ្ជាក់ពីសារៈសំខាន់ប្រកបដោយអត្ថន័យស្លាប់រស់នៃចលនាជាតិប្រយុទ្ធទប់ស្កាត់កូវីដ-១៩ ក្រោមមគ្គុទ្ទេសក៏ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពិសេសគឺយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងទទួលជោគជ័យក្នុងការបង្កើតប្រព័ន្ធការពារដែលជាភាពស៊ាំរឹងមាំរបស់សហគមន៍ជាតិ ឈានទៅគ្រប់គ្រង ទប់ស្កាត់បានការឆ្លងរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ៕