ដោយៈ សុផល / ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហគ្រិន ស្ត្រីកម្ពុជា បានចុះហត្ថលេខា លើអនុស្សរណៈ នៃកិច្ចព្រមព្រៀង ស្តីពីការលើកកម្ពស់ បរិយាបន្នផ្នែកហិរញ្ញវត្ថុ (Financial Inclusion) និងការយល់ដឹង លើការទទួលបាន ហិរញ្ញប្បទានរបស់ សហគ្រិនជាស្ត្រី។
អនុស្សរណៈ នៃកិច្ចព្រមព្រៀង រវាងសមាគមទាំងបីនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណង ចូលរួមចំណែកគាំទ្រ ដល់ផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាឆ្លើយតប ទៅនឹងយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុលើកកម្ពស់ផលិត ផលឥណទាន ប្រកបដោយនវានុវត្តន៍ តាមរយៈការពង្រឹង និងពង្រីក កិច្ចសហ ប្រតិបត្តិការ ការបណ្តុះបណ្តាល ការរៀបចំសិក្ខា សាលារួមគ្នា ដើម្បីលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោម សហគ្រិនស្ត្រី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ថ្លែងក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃកិច្ចព្រមព្រៀងនោះ បណ្ឌិត អ៊ិន ចាន់នីប្រធានសមាគមធនាគារ នៅកម្ពុជា បានឲ្យដឹងថាៈ អនុស្សរណៈនៃកិច្ចព្រម ព្រៀងនេះ នឹងបង្ហាញពីសក្ខីភាព នៃកិច្ចខិតខំប្រឹងប្រែង រវាងសមាគមទាំងបី ក្នុងការលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹង ផ្នែកហិរញ្ញវត្ថុ ទៅវិញទៅមក និងការសហការគ្នា លើការបណ្តុះបណ្តាល អភិវឌ្ឍទៅគ្រប់ទិដ្ឋភាពនៃវិស័យ ធនាគារ ជូនដល់សមាជិក ដែលជាសហគ្រិនស្ត្រី លើកកម្ពស់ការយល់ដឹង ជាសាធារណៈ ទៅលើផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងផលិតផលធនាគារ និងហិរញ្ញវត្ថុ និងលើកកម្ពស់ការយល់ដឹង លើការទទួលបាន ហិរញ្ញប្បទាន របស់សហគ្រិនស្ត្រី និងសហគ្រាសធុនតូច និងមធ្យម ពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
លោកបណ្ឌិត បានបន្តថាៈ «ក្រោមកិច្ចសហប្រតិបត្តិការនេះ សមាគមទាំងបី នឹងជួយចូលរួមផ្សព្វផ្សាយ និងការលើកកម្ពស់ សមភាពយេនឌ័រ (Gender Equality) ហិរញ្ញប្បទានបៃតង (Green Loan) ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) និងទំនួលខុសត្រូវសង្គម (Social Responsibility) តាមរយៈការលើកកម្ពស់ ការយល់ដឹង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិនភាព។ »
ស្របគ្នានេះដែរ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលស្តីទី នៃសមាគមមី ក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការ រវាងសមាគមទាំងបី នឹងក្លាយជាចលករជំរុញបន្ថែម ដល់ការអភិវឌ្ឍអាជីវកម្ម ដែលគ្រប់គ្រងដោយ សហគ្រិនជាស្ត្រី ដើម្បីចូលរួមពង្រឹងសេដ្ឋកិច្ចជាតិ ឲ្យកាន់តែរឹងមាំ។
លោកបានបន្តថាៈ គិតត្រឹមដំណាច់ ខែមិថុនាឆ្នាំ ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់ឥណទានដល់ អតិថិជន ជិត ២ លាននាក់ ក្នុងទំហំឥណទាន សរុប ជាង ៧ ៧៣០ លានដុល្លារ។ លោកក៏បានគូសបញ្ជាក់ដែរថាៈ ភាគច្រើនលើសលុប នៃអតិថិជន ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ គឺជាស្ត្រី ដែលស្ត្រីបានដើរតួនាទី យ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទាំងនៅទីក្រុង និងជនបទ។
ដោយឡែក លោកស្រី ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានមានប្រសាសន៍ថាៈ កិច្ចសហប្រតិបត្តិការ រវាងសមាគមទាំងបី នឹងជួយពង្រឹង សមត្ថភាពសហគ្រិនស្ត្រី ដើម្បីពង្រីកអាជីវកម្ម ឱ្យបានកាន់តែធំជាងមុន។ លោកស្រី ក៏បានលើកឡើងដែរថាៈ ចំណេះដឹងសហគ្រិនស្ត្រី មួយចំនួន នៅមានកម្រិត ជាពិសេស ទាក់ទងនឹងការធ្វើបញ្ជី គណនេយ្យមួយ ដែលមានភាពជាក់លាក់ និងត្រឹមត្រូវ ព្រមទាំងបញ្ហា ផ្សេងៗទៀត ដែលកត្តាទាំងអស់នេះធ្វើឲ្យគ្រឹះស្ថាន ហិរញ្ញវត្ថុ ពិបាកក្នុងការផ្តល់កម្ចី ដល់សហគ្រិនជាស្ត្រី ឱ្យបានតាមតម្រូវការ។
លោកស្រីបានបន្តថាៈ ក្រោមកិច្ចសហការនេះ សមាគមហិរញ្ញវត្ថុ ទាំងពីរ នឹងជួយពង្រឹងសមត្ថភាព ដល់ស្ត្រី តាមរយៈការបណ្តុះបណ្តាល ឱ្យយល់ដឹងស៊ីជម្រៅ លើបញ្ជីគណនេយ្យ ជាក់លាក់ របាយការណ៍ហិរញ្ញវត្ថុ ការកត់ត្រាចំណូលចំណាយ ឲ្យបានត្រឹមត្រូវ ព្រមទាំងស្នើសុំដល់ សមាគមហិរញ្ញវត្ថុទាំងពីរ ជួយកែសម្រួល បែបបទ ក្នុងការផ្តល់ឥណទាន ដល់សហគ្រិនជាស្ត្រី ឲ្យបានកាន់តែធំទូលាយ មានភាពងាយស្រួលជាងមុន និងអត្រាការប្រាក់សមរម្យ។ លោកស្រី ក៏បានជំរុញ លើកទឹកចិត្ត ដល់សហគ្រិនស្ត្រី ចុះបញ្ជីឲ្យបានត្រឹមត្រូវ និងស្របច្បាប់ ដើម្បីទទួលបាន ឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ និងដើម្បីកសាងទំនុកចិត្ត ពីគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។
អនុស្សរណៈ ស្តីពីការលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុ បានចុះហត្ថលេខា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ និង មានសុពលភាព រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ។ អនុស្សរណៈ នៃកិច្ចព្រមព្រៀងនេះ មាន ៣ ច្បាប់ដើម ដោយភាគីនីមួយៗ រក្សាទុក ១ ច្បាប់ដើម។ សមាគមទាំងបី រួមជាមួយនឹងសមាជិករបស់ខ្លួន នឹងប្តេជ្ញាអនុវត្ត និង ចែករំលែករួមគ្នា ក្នុងលទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីឲ្យអនុស្សរណៈនេះ ទទួលបានលទ្ធផល ដែលឆ្លុះបញ្ចាំង ឱ្យបានល្អបំផុត ពីបំណងពិត និងគោលការណ៍ ដើម រវាងសមាគមទាំងបីនេះ៕/V-PC