ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសជនជាតិបរទេសម្នាក់ បានចូលហូបបាយក្នុងហាង មួយកន្លែង ស្រាប់តែមានអាការៈ មិនស្រួលខ្លួន រួចដាច់ខ្យល់ស្លាប់ នៅលើកៅអី ដោយមិនទាន់ដឹងមូលហេតុ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ១២ និង២០នាទី រសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ១១០ កែងនឹងផ្លូវលេខ៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ តូនី មានអាយុជាង ៦០ ឆ្នាំ។ តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថាៈ កន្លងមក គេតែងតែឃើញបុរសជនជាតិបរទេស ខាងលើ មកហូបបាយ នៅក្នុងហាងមួយកន្លែងនេះ ជារៀងរាល់ថ្ងៃ ។ លុះនៅព្រឹក ថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ៩ បុរសខាងលើនេះ បានមកអង្គុយហូបបាយ ដូចធម្មតា ស្រាប់តែមានអាការៈមិនស្រួលខ្លួន រួចក៏បានហៅបងប្អូន ប្រជាពលរដ្ឋ ឱ្យជួយ។ ភ្លាមៗនោះ ពួកគាត់ព្យាយាមជួយ ទៅបុរសខាងលើនេះដែរតែជាអកុសល បុរស ខាងលើ បានដាច់ខ្យល់ស្លាប់ នៅកៅអីបាត់តែម្តង។ ក្រោយមក ប្រជាពលរដ្ឋ បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកចំណុចទីតាំង កន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយធ្វើការហ៊ុមព័ទ្ធ នៅចំណុចទីតាំងកើតហេតុខាងលើ រួចបានទំនាក់ទំនង ទៅផ្នែកជំនាញពិនិត្យ សំណាករបស់ក្រសួងសុខាភិបាល ចុះមកពិនិត្យសំណាក លើបុរស ខាងលើ ដោយគ្រូពេទ្យ បានបញ្ជាក់ថា បុរសខាងលើ គឺអវិជ្ជមានកូវីដ១៩ ហើយគ្រូពេទ្យ ផ្នែកខាងពិនិត្យសំណាក បានប្រគល់សពនេះ ឲ្យផ្នែកជំនាញនៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យ ទៅលើសពបុរសខាងលើ និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕/V-PC