ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋបាលជលផល ជូនដំណឹងលើកទី២ អំពីការដេញថ្លៃ ឈ្នួល ដាយ ត្រីលេញ និងដាយបង្កង សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២១-២០២២ និង ២០២២-២០២៣ នៅខេត្តព្រៃវែង។ នៅភ្នំពេញសល់គន្លង ដាយ ចំនួន៩ និងនៅខេត្តកណ្តាល ទាំងអស់ គឺ ២១ គន្លងដាយ ដោយពេលនេះ គេបានស្នើបញ្ចុះតម្លៃ ២០ ភាគរយ សម្រាប់ការដេញថ្លៃ លើកទី២។
នៅក្នុងលិខិត ដែលចុះហត្ថលេខា ដោយលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល កាលពីថ្ងៃទី៤ ខែសីហាដោយយោងកំណត់ ហេតុប្រជុំ ថ្ងៃទី៣ ខែសីហា ស្តីពីការកំណត់ គោលការណ៍ និងនIតិវិធីដេញថ្លៃ ឈ្នួលដាយត្រី និងដាយបង្កង ក្នុងខេត្តព្រៃវែងថា រដ្ឋបាលជលផល នឹងរៀបចំ ដេញថ្លៃ ឈ្នួល ដាយ ត្រីលេញ និងដាយបង្កង លើកទី២ សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២១-២០២២ និង ២០២២ -២០២៣ នាថ្ងៃទី១៧ ខែសីហា នៅរដ្ឋបាលជលផល ខេត្តព្រៃវែង។ ដាត្រីលេញ ដែលត្រូវដាក់ឱ្យមានការដេញថ្លៃ លើកទី២ មានចំនួន ៤ គន្លងដាយ និងគន្លងដាយបង្កង ចំនួន៦។
លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផល ខេត្តព្រៃវែង បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ថាៈ ការដេញថ្លៃលើកទី១ មានអ្នកចូល រួមដេញថ្លៃត្រីលេញ និងដាយបង្កង ចំនួន ៧ នាក់។ ដេញឡើងដល់តម្លៃ ៣៩,២ លានរៀល លើតម្លៃដាក់ ឱ្យដេញ ៣៦ លានរៀល។
លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផល រាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី៩ ខែសីហា នេះដែរថាៈ ការដេញថ្លៃឈ្នួល ដាយត្រី តាមអនឡាញ នៅថ្ងៃទី៩ សីហា នេះ មានអ្នកដាក់ពាក្យ ចំនួន ៣ នាក់ ដោយជ្រើសរើសយក គន្លងដាយចំនួន ៣ នៅសល់គន្លងដាយ ចំនួន៩ ដែលត្រូវប្រកាសឱ្យមានការ ដេញថ្លៃ លើកទី២ ម្តងទៀត។
លោក ហេង សុធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្តាល បានប្រាប់ ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី៩ ខែសីហាថាៈ គន្លងដាយត្រី ចំនួន ២១ដែលបានប្រកាស រកអ្នកដេញថ្លៃ លើកទី១ កន្លងទៅ គ្មានអ្នកណា ដាក់ពាក្យទេគណៈកម្មការដេញ ថ្លៃបាន សម្រេចស្នើសុំឱ្យមាន ការដេញថ្លៃ លើកទី២ ដោយសុំបញ្ចុះតម្លៃ ២០ ភាគរយ សម្រាប់ការដេញថ្លៃ នៅពេលខាងមុខ៕/V-PC