ដោយៈ ភ្នំសន្ទុក -ភ្នំស្វាយ / កំពង់ធំៈ អភិបាលក្រុងស្ទឹងសែន អំពាវនាវដល់អាជីវករ ផ្សារកំពង់ធំ និងអ្នកពាក់ព័ន្ធ ចូលរួមផ្តល់សំណាក ដោយឧបករណ៍ តេស្តរហ័ស ឲ្យបានគ្រប់គ្នា នៅមណ្ឌលយកសំណាក សាលាបឋមសិក្សា ក្រុងស្ទឹងសែន ។ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានអំពាវនាវបែបនេះ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ។
លោកអភិបាលក្រុងស្ទឹងសែន បានបន្តថាៈ អាជ្ញាធរ បានបិទខ្ទប់ផ្សារកំពង់ធំ កាលពីថ្ងៃទី៨ ខែសីហា ម្សិលមិញនេះ ដោយសារមានបងប្អូនអាជីវករ ផ្សារកំពង់ធំ បានមកយកសំណាក ដោយតេស្តរហ័ស រកមេរោគកូវីដ-១៩ ចំនួន ៤៤៨ នាក់ ក្នុងនោះ រកឃើញអ្នកវិជ្ជមាន ចំនួនជាង ២០ នាក់ ។
ដោយបានឃើញទិន្នន័យអ្នកវិជ្ជមាន មេរោគកូវីដ-១៩ លើអាជីវករ ក្នុងផ្សារកំពង់ធំ ហេតុនេះ អាជ្ញាធរ កំពុងតែមានការព្រួយបារម្ភខ្លាំង ចំពោះពួកគេ ។ ដូច្នេះហើយ សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ សូមបន្តការប្រុងប្រយ័ត្ន បន្ថែមទៀត ចំពោះសុវត្ថិភាព ។
ទន្ទឹមនឹងនោះដែរ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានអោយដឹងថាៈ ចំពោះការលក់ក្នុងផ្សារ នាខេត្តកំពង់ធំ ទាំងអស់ គឺអាជ្ញាធរមានសមត្ថកិច្ច អនុញ្ញាត អោយលក់ដូរត្រឹមតែការវេចខ្ចប់ប៉ុណ្ណោះ ហើយគ្រប់មធ្យោបាយមិនអនុញ្ញាតអោយ ដាក់តាំង មានតុ អង្គុយ បញ្ឈប់ទទួលភ្ញៀវ ចូលសម្រាក ហូប នៅក្នុងអាហារដ្ឋាន របស់ខ្លួនឡើយ ។
លោកអភិបាលរងខេត្តកំពង់ធំ បានបន្តថាៈ សូមបញ្ឈប់ការជួបជុំ ជួបគ្នាក្នុងការ ពិសាគ្រឿងស្រវឹង និងយោងតាម សារាចរ របស់រដ្ឋបាលខេត្តកំពង់ធំ ចុះលេខ ៤៤ ៨០ គឺផ្អាកធ្វើចរាចណ៍ចេញចូល ចាប់វេលាម៉ោង ៩ យប់ ដល់ម៉ោង ៣ ទៀបភ្លឺ ៕/V-PC