ដោយៈ រ៉ាម៉ន / ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ បើទោះបីជាប់មមាញឹកខ្លាំង នៅក្នុងកិច្ចការការងារ ទប់ស្កាត់ ការរីករាលដាល ជំងឺកូវី-១៩ ពិសេសជំងឺបំប្លែងថ្មី ប្រភេទដែលតា ក៏ពិតមែន ប៉ុន្តែសម្រាប់សកម្មភាព នៃការរៀបចំ សណ្ដាប់ធ្នាប់ ដើម្បីធ្វើយ៉ាងណា ឲ្យរាជធានីភ្នំពេញ មានរបៀបរៀបរយល្អ មានបរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញ នៅតែធ្វើសកម្មភាព រៀបចំសណ្ដាប់ធ្នាប់ ជាប្រចាំ ដើម្បីអោយរាជធានីមួយនេះ សមជាទីក្រុង ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ ដែម្ខាងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងដៃម្ខាងទៀត ធ្វើសកម្មភាព ការរៀបចំសណ្ដាប់ធ្នាប់ សាធារណៈ។
ជាក់ស្តែង នៅរសៀល ថ្ងៃទី៩ ខែសីហា នេះ លោក មាន ចាន់យ៉ាដា អភិបាលរង រាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់ សាធារណៈ នៅលើផ្លូវម៉ៅសេទុង នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ការរៀបចំសណ្ដាប់ធ្នាប់នេះ ក៏មានការចូលរួមពីលោក ឯក ឃុនដឿន អភិបាលនៃ គណៈអភិបាលខណ្ឌគោក ប្រធានការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ មួយចំនួនទៀត ។ សកម្មភាពនៃ ការរៀបចំសណ្ដាប់ធ្នាប់នេះ បានចាប់ផ្ដើមចេញពីគល់ស្ពាន អាកាសតិចណូ តាមបណ្តោយផ្លូវម៉ៅសេទុង រហូតទៅដល់ មហាស្រពចេនឡា ។
លោក មាន ចាន់យ៉ាដា ដែលជាអ្នកដឹកនាំផ្ទាល់ ក្នុងការរៀបចំសណ្ដាប់ធ្នាប់នេះ បានបញ្ជាក់អោយដឹងថាៈ ចំពោះអាជ្ញាធរខណ្ឌ ការរៀបចំសណ្តាប់ធ្នាប់ ត្រូវធ្វើឡើង ជាប្រចាំហើយ នៅក្នុងមូលដ្ឋានរបស់ខ្លួន តែសម្រាប់អាជ្ញាធររាជធានីភ្នំពេញ គឺគ្រាន់តែចុះមកម្ដងៗប៉ុណ្ណោះ ដើម្បីពង្រឹងការអនុវត្ត នៃការរៀបចំ សណ្ដាប់ធ្នាប់ នៅតាមខណ្ឌនីមួយៗនេះ អោយមានលក្ខណៈ កាន់តែល្អប្រសើរ ទាំងសណ្តាប់ធ្នាប់ និងមានបរិស្ថាន ។
លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថាៈ សណ្ដាប់ធ្នាប់ នៅតាមបណ្ដោយ ផ្លូវម៉ៅសេទុងនេះ ឃើញថា មានលក្ខណៈល្អប្រសើរ មួយកម្រិត ហើយដោយប្រជាពលរដ្ឋមួយចំនួន បានយល់ដឹង និងបានចូលរួម ជាមួយអាជ្ញាធរយើង ។ តែទោះបីជាយ៉ាងណាក្តី ក៏នៅមានបងប្អូនអាជីវករមួយចំនួន នៅតែរំលោភបំពាន ធ្វើឲ្យបាត់បង់ សណ្ដាប់ធ្នាប់សាធារណៈដែរ ដែលតម្រូវអោយយើង ចុះណែនាំពួកគាត់បន្ថែម។
ក្នុងប្រតិបត្តិការ នៃការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងគណៈបញ្ជាការ ឯកភាពរាជធានី ក៏បានធ្វើការណែនាំ ដល់បងប្អូនអាជីវករ ដែលជាអ្នកលក់បន្លែ ផ្លែឈើ នៅលើផ្លូវ ៣៣៤ ក្បែរផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរ ទាំងអស់ ត្រូវលក់ដូរ អោយមានសណ្តាប់ធ្នាប់ បើមិនអនុវត្ត តាមការណែនាំ ពោលគឺនៅតែលក់ លើចំណីផ្លូវទៀត នៅព្រឹកថ្ងៃស្អែកទី១០ ខែសីហានេះ អាជ្ញាធរ នឹងចុះអនុវត្តម្ដងទៀត ជាមួយនឹងការប្រើវិធានការច្បាប់ ដោយមិនលើកលែងនោះទេ៕/V