ដោយ ៖ ភ្នំសន្ទុក – ប.ជ័យ / កំពង់ធំ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ លោក សោម ស៊ុន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ផ្ទះខ្នងទី១៩៦ ដែលជាអំណោយដ៏ថ្លៃថ្លរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធ ជនកម្ពុជា ជូនអតីតយុទ្ធជន សោធននិវត្តន៍ នៅភូមិត្រពាំងថ្ម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានអោយដឹងថាៈ លោកនាយចំណង់ នេន វេន អាយុ៤៥ឆ្នាំ បានចូលបម្រើ ក្នុងជួរកងទ័ព ក្នុងឆ្នាំ១៩៩៤ នៅអង្គភាពតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ហើយបានចូលសោធននិវត្តន៍ តាមការកំណត់ ក្នុងឆ្នាំ២០១៩ ។ ភរិយាលោក មានឈ្មោះ ឡឹម មាន អាយុ ៤៧ ឆ្នាំ មានកូននៅ ក្នុងបន្ទុកចំនួន ៥ នាក់ គ្មានលទ្ធភាពសាងសង់ផ្ទះ ស្នាក់នៅសមរម្យ ដោយខ្លួនឯងបានឡើយ ត្បិតមានជីវភាពលំបាកខ្វះខាត ។
ទើបក្រុមការងារ នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សុំការសង់ផ្ទះថ្មី ខ្នងទី១៩៦ អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនគាត់ ដែលមានទំហំ ៦ ម៉ែត្រ គុណនឹង ៤ ម៉ែត្រ សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តារ ដំបូលប្រក់ស័ង្កសី កិនភ្លី និងជណ្ដើរកាច់ ជូនគាត់ នៅពេលនេះ។
ឧត្តមសេនីយ៍ទោ បានសំណូមពរ ដល់ក្រុមគ្រួសារអតីតយុទ្ឋជន ក៏ដូចជា បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល មេរោគកូវីដ១៩ ដែលបច្ចុប្បន្ននេះ កំពុងឆ្លងចូលសហគមន៍ នៅក្នុងខេត្តកំពង់ធំ មានចំនួនកើនឡើង គួរឲ្យព្រួយបារម្ភ ពិសេសមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា ដូច្នេះត្រូវតែអនុវត្ត ឲ្យបានម៉ឺងម៉ាត់ នូវវិធានការ ៣ ការពារ និង ៣ កុំ ឲ្យបានគ្រប់ពេលវេលា កុំបីមានការធ្វេស ប្រហែសឡើយ៕/V