ដោយៈ រ៉ាម៉ន / ព្រះវិហារ៖ ផ្លូវដែលជាខ្សែក្រវាត់ព្រំដែន ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ ពិសេសផ្លូវក្រាលក្រួសក្រហម ដែលតភ្ជាប់ទៅកាន់ តំបន់ព្រំដែន កម្ពុជា-ថៃ និង ឡាវ ដែលទទួលរងនូវ ការខូចខាត ដោយអន្លើរៗដោយសារជំនន់ ទឹកភ្លៀង កន្លងមកនោះ ខណៈនេះ ត្រូវមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានជួសជុល និងកែលំអឡើងវិញ បានប្រមាណ ៩០ ភាគរយហើយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរងាយស្រួល និងឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឲ្យដឹងថាៈ កន្លងមកនេះ លោកបានបញ្ជូន មន្ត្រីជំនាញ នាំយកគ្រឿងចក្រ គ្រប់ប្រភេទ ចុះទៅកាន់ទីតាំង ដែលត្រូវជួសជុល និងកៀសម្រួលផ្លូវតភ្ជាប់ទៅកាន់ តំបន់ព្រំដែន កម្ពុជា-ថៃ និង ឡាវ ឲ្យមានភាពល្អប្រសើរឡើងវិញ ក្រោយជំនន់ ទឹកភ្លៀង បានហូរច្រោះ និងកាត់ផ្តាច់ជាអន្លើរៗ នាពេលរដូវវស្សា ឆ្នាំមុន ហើយបើ គិតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានជួសជុល និងកែលំអផ្លូវ តាមខ្សែបន្ទាត់ព្រំដែន ទាំងនេះ បានប្រមាណ ៩០ ភាគរយហើយ។
លោក សំ លាងទ្រី បានបញ្ជាក់ថាៈ ផ្លូវដែលរងការខូចខាតខ្លាំង ហើយត្រូវជួស ជុលឡើងវិញ មានផ្លូវជាតិលេខ៩៤ មានប្រវែង ៦៥ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះទៅតំបន់ព្រំដែន កម្ពុជា-ឡាវ , ផ្លូវជាតិលេខ៩៥ ជាផ្លូវក្រាលក្រួសក្រហម មានប្រវែង ១៣ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះទៅកាន់ស្រុកជ័យសែន , ផ្លូវជាតិលេខ៦២ តភ្ជាប់ពីភូមិភ្នំដែក ឆ្ពោះទៅកាន់ភូមិស្វាយដំណាក់ស្ថិតក្នុងឃុំ រមណីយ ស្រុករវៀង និងផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវ ក្រាលក្រួសក្រហម មានប្រវែងជាង ៨០ គីឡូម៉ែត្រ តភ្ជាប់ពីព្រំប្រទល់ ខេត្តស្ទឹងត្រែង និងព្រះវិហារ ឆ្ពោះទៅកាន់ព្រំដែន កម្ពុជា-ឡាវ និងបន្តតភ្ជាប់ទៅកាន់ តំបន់បន្ទាយស្រមោច ស្ថិតក្នុងស្រុកជាំក្សាន្ត នៃតំបន់ព្រំដែន កម្ពុជា-ថៃ ដោយធ្វើការជួសជុលឆ្លងកាត់ ឃុំកំពង់ស្រឡៅ១ និងកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។
លោកបានបញ្ជាក់ទៀតថាៈ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រវាត់ព្រំដែន ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង ជាអន្លើៗ កន្លងមក យើងបានកែសម្រួល ដូចជាជួសជុល លុបជង្ហុក លុបផ្លូវសំបុកមាន់ និងការកាត់សម្អាតរុក្ខជាតិ ដោយម៉ាស៊ីនស្វ័យប្រវត្តិ ជាដើម ដើម្បីសម្រួលដល់ ការធ្វើដំណើរ ការដឹកជញ្ជូនកសិផលកសិកម្ម ពីទីជនបទ ទៅកាន់ទីប្រជុំជន និងដើម្បីធានាសុខ សុវត្ថិភាព ធ្វើដំណើរបានរហ័សចំណាយ ពេលវេលាតិច ជូនប្រជាពលរដ្ឋ នៅក្នុងតំបន់នីមួយៗ ពិសេស កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ៕/V-PC