ដោយៈ សាវរក្ស / ភ្នំពេញៈ នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ករណីលួច មានស្ថានទំងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបប្រាក់) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៤០នាទី នៅចំណុចបណ្តោយ ផ្លូវលេខ៥ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ហើយគេចខ្លួនបាត់ ។ លុះថ្ងៃទី៩ សីហា វេលាម៉ោង ១៩:០០ នាទី កំលាំងជំនាញខណ្ឌ បើកការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យ ទាំង៣នាក់ នៅចំណុចក្រោយ ពេទ្យកាល់ម៉ែត សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានបញ្ជាក់ថាៈ ជនសង្ស័យទាំង ៣ នាក់នោះ រួមមានៈ ១-ឈ្មោះ អាន សុខទិត្យធិរាម អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ២-ឈ្មោះ សុខ ហេង អាយុ ១៨ឆ្នាំ មានទីលំនៅ ផ្ទះជួលភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ៣-ឈ្មោះ ម៉ោញ ចាន់ពិសិដ្ឋ អាយុ១៧ឆ្នាំ មានទីលំនៅ ផ្ទះជួលភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្មេងប្រុសទាំង៣នាក់នេះ មានមុខរបរ មិនពិតប្រាកដ ដូចគ្នា តែគ្មានសារធាតុញៀន ក្នុងខ្លួនឡើយ។
ចំណែកជនរងគ្រោះ ឈ្មោះ មាន ដានី ភេទស្រី អាយុ៣៣ ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៦៨ ផ្លូវលំ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ច ក៏បានដកហូតសម្ភារៈ រួមមាន ម៉ូតូ១គ្រឿង ម៉ាកហុងដា ស្កូបពី ពណ៌ស ផ្លាកលេខ ភ្នំពេញ 1ID-6134។ ដោយឡែកសម្ភារៈបាត់បង់ រួមមាន ទូរស័ព្ទម៉ាក ម៉ាក Iphone 11 ប្រូ, ប្រាក់ចំនួន ១០០.០០០ រៀល, កាបូបប្រាក់ ពណ៌ខ្មៅចំនួន១ ។
សមត្ថកិច្ច បានអោយដឹងថាៈ នៅថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យ បានធ្វើសកម្មភាព ឆក់កាបូប ពីជនរងគ្រោះ នៅចំណុចកើតហេតុ ខាងលើ បានសម្រេចហើយគេច ខ្លួនបាត់ ។ លុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩:០០ នាទីកំលាំងជំនាញ ខណ្ឌ បើកការស្រាវជ្រាវ និងឃាត់ខ្លូនបានជនសង្ស័យ ចំនួន៣នាក់នៅចំណុច ក្រោយពេទ្យកាល់ម៉ែត សង្កាត់ស្រះចក ខណ្ឌដូនពេញ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធី ៕/V-PC