ដោយៈ ដេប៉ូ / ភ្នំពេញៈ បច្ចុប្បន្ន ប្រជា​សហគមន៍ មួយចំនួន បាន​ផ្លាស់ប្តូរ​ពី​ការដែល ធ្លាប់តែ​ចូល ព្រៃ​បរបាញ់​សត្វ មក​ធ្វើការ​ចិញ្ចឹមសត្វ ជំនួស​វិញ​។ ជម្រើស​មុខរបរ​ថ្មី​នេះ មិន​ត្រឹមតែ​ជួយ​ឱ្យ​សត្វព្រៃ គង់វង្ស​ទេ នៅ​ជួយ​ផ្លាស់ប្តូរ​ជី​វិភាព របស់​ពួកគាត់ ឱ្យ​កាន់តែ​ប្រសើរឡើង ថែមទៀត​។​

​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ការផ្តល់​ជម្រើស ជូន​ប្រជាពលរដ្ឋ នៅតាម​សហគមន៍ ក្នុងការ​ចិញ្ចឹមសត្វ យក​សាច់ ដូចជា គោ ក្របី ហើយ​ជាពិសេស ចៀម និង ពពែ ជា​សត្វ​ដែល​អាច​ចិញ្ចឹម ក្នុងព្រៃ​សហគមន៍ នៅតាម​តំបន់ការពារធម្មជាតិ បាន​យ៉ាង​ងាយស្រួល ដោយ​គ្រាន់តែ​ចំណាយ ពេលវេលា​តិច និង​អាច​ចំណេញ​ច្រើន​។​

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ ចាប់ពី​ឆ្នាំ​២០២០ រហូតទល់​ពេលនេះ ក្រសួងបរិស្ថាន បានផ្តល់​ពូជ ក្របី ២១៦ ក្បាល សត្វ​គោខ្មែរ ចំនួន ១៥៣​ក្បាល គោ​ពូជ​កាត់ ចំនួន ៦១ ក្បាល គោបា​ចំនួន ៦ ក្បាល ចៀម​ចំនួន ២៤៧ ក្បាល ពពែ​ចំនួន ២៦៧ ក្បាល និង​ពូជ​ជ្រូក​ឦសាន ចំនួន ៥០ ក្បាល ជូន​សហគមន៍​មូលដ្ឋាន ប្រជាពលរដ្ឋ និង​កងទ័ព សម្រាប់​ចិញ្ចឹម ដើម្បី​ពង្រឹង​ជីវភាព​ស្នូល ដែល​ក្នុង នោះ រួមមានៈ សហគមន៍​តំបន់ការពារធម្មជាតិ ចំនួន​៣ នៅក្នុង​ខេត្តព្រះវិហារ តំបន់ការពារធម្មជាតិ ចំនួន​២ ក្នុងភូមិ​សាស្ត្រ ខេត្ត​មណ្ឌល​គី​រី (​ដែនជម្រកសត្វព្រៃ កែវ​សី​ម៉ា និង​ដែន ជម្រក​សត្វព្រៃ ស្រែ​ពក​) បញ្ជាការដ្ឋាន នៃ​យោធភូមិភាគ​១ កងយោធពល​ខេមរភូមិន្ទ និង​កសិដ្ឋាន​ប្រជាពលរដ្ឋ ចិញ្ចឹមសត្វ នៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ​ផងដែរ​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កន្លងមក បានចាត់ទុក​ថាៈ ការចិញ្ចឹម​សត្វ មិន​ត្រឹមតែ​ចូលរួម ការពារ​បរិស្ថាន និង​ព្រៃឈើ គឺ​បាន​ចូលរួម​ចលនា ដល់​សហគមន៍​មូលដ្ឋាន មាន​ចំណូល​ខ្ពស់ មាន​ជីវភាព​ធូរធារ និង​ចូលរួម​កាន់តែ សកម្ម ក្នុងការ​ការពារ និង​អភិរក្ស​ធនធាន ធម្មជាតិ ដែល​យើង​មាន​។​

​គួរ​បញ្ជាក់ថា ឆ្លើយតប​នឹង​តម្រូវការ​របស់ ប្រជា​សហគមន៍ តំបន់ការពារធម្មជាតិ និង​សហគមន៍ មូលដ្ឋាន ចាប់ពី​ឆ្នាំ​២០១៧ ដល់ ២០២០ ក្រសួងបរិស្ថាន​ក៏បានផ្តល់ ទុន​ដោយឡែក ដល់​សហគមន៍ នៅតាម​តំបន់ការពារធម្មជាតិ ចំនួន ៣២ សហគមន៍ ដែល​ក្នុងនោះ មាន​សមាជិក សហគមន៍ ចំនួន ៩៥០ គ្រួសារ ដែល​គ្រួសារ​ចំនួន ៣១៧ គ្រួសារ ទទួលបាន​ពូជ​គោ ចំនួន ពី ១-៣ ក្បាល ក្នុង​មួយ​គ្រួសារ គ្រួសារ​ចំនួន ២២០ គ្រួសារ ទទួលបាន​ពូជ​ជ្រូក​ឦសាន ៣ ក្បាល ក្នុង​មួយ​គ្រួសារ គ្រួសារ​ចំនួន ៣៦៨ គ្រួសារ ទទួលបាន​មាន់​ពី ១៥-៤០ ក្បាល ក្នុង​មួយ​គ្រួសារ​។ គ្រួសារ​ទាំងអស់ នោះ បានផ្តល់​ផល​សត្វ ទៅដល់​សមាជិក សហគមន៍​ផ្សេងទៀត ដើម្បី​ពង្រឹង​ជីវភាព ជា​បន្តបន្ទាប់​៕/V-PC