​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖​កម្លាំងយោធា​ចិន​និង​រុស្ស៊ី​កំពុង​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​ខណៈ​ចំណង​មិត្តភាព​រវាង​រដ្ឋ​ទាំង​ពីរ​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​ខ្លាំង​​ឡើង​ចំពេល​មាន​ភាពមិនប្រាកដប្រជា​ជុំវិញ​អស្ថិរភាព​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​។​

​សមយុទ្ធ​ដែល​មាន​ការចូលរួម​ពី​កងទ័ពជើងគោក​និង​កងទ័ព​ជើង​អាកាស​នឹងត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រ​នៅ​តំបន់​ស្វយ័ត​នី​ង​សៀ​ហ៊ុយ​។​

​តំបន់​នេះ​មាន​ព្រំប្រទល់​ជាប់​តំបន់​ស៊ីន​ជាំ​ង ទី​ដែល​ចិន​ត្រូវ​បាន​ពួក​លោក​ខាងលិច​ចោទប្រកាន់ថា​បាន​ឃុំខ្លួន​ជនជាតិ​វី​ហ្គួ​រ​និង​សមាជិក​ជនជាតិភាគតិច​មូស្លីម​ដទៃទៀត​ជាង ១ លាន​នាក់ នៅក្នុង​អ្វីដែល​ចិន​ហៅថា​យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម​និង​ក្រុម​ជ្រុលនិយម​។​

​តំបន់​ស៊ីន​ជាំ​ង​មាន​ព្រំដែន​តូចចង្អៀត​ជាមួយ​អា​ហ្វ​ហ្គានី​ស្ថាន​ហើយ​រដ្ឋាភិបាលក្រុ​ង​ប៉េកាំង​មាន​ការព្រួយបារម្ភ​អំពី​អំពើហិង្សា​អាច​ហូរ​កាត់​ព្រំដែន​របស់​ខ្លួន​ប្រសិនបើ​ក្រុម​តា​លី​បង់​កាន់កាប់​​ប្រទេស​នេះ​បន្ទាប់​ពី​អាម៉េរិក​ដកទ័ព​ចេញ​អស់​។​

​ខណៈ​មិនមែន​ជា​សម្ពន្ធមិត្ត​ផ្លូវការ​នឹង​គ្នា រុស្ស៊ី​និង​ចិន​បាន​តាក់តែង​គោល​នយោបាយ​យោធា​និង​ការបរទេស​របស់​ពួកគេ​ភាគច្រើន​គឺ​ប្រឆាំងនឹង​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់​អាម៉េរិក​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​បាន​និយាយថា សមយុទ្ធ​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​សីហា​ហើយ​ត្រូវបាន​ដឹកនាំ​ដោយ​លោក លី ជូ​ចេង​ជា​សមាជិក​នៃ​គណៈកម្មការ​យោធា​កណ្តាល​របស់​​បក្ស​កុម្មុយនីស្ត​កាន់អំណាច​។​

​ស៊ីនហួ​បាន​ដកស្រង់​សម្តី​មន្ត្រី​ចិន​និង​រុស្ស៊ី​ដោយ​និយាយ​ថា​សមយុទ្ធ​នេះ​មាន​គោលបំណង​”​ពង្រឹង​ដល់​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​រវាង​យោធា​ចិន​និង​រុស្ស៊ី​និង​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​និង​​ភាពរឹងមាំ​របស់​ប្រទេស​ទាំង​ពីរ​ដើម្បី​រួមគ្នា​ការពារ​សន្តិសុខ​និង​ស្ថិរភាព​ក្នុង​តំបន់​និង​អន្តរជាតិ​”​។​

​ស៊ីនហួ​បាន​បន្ថែមថា “​វា​ឆ្លុះបញ្ចាំង​ពី​កម្រិត​ខ្ពស់​ថ្មី​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​រុស្ស៊ី​សម្រាប់​យុគសម័យ​ថ្មី​និង​ការជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យុទ្ធសាស្ត្រ​ការផ្លាស់​​ប្តូរ​និង​ការសម្របសម្រួល​ជាក់ស្តែង​រវាង​ប្រទេស​ទាំង​ពីរ​”​។​

​រុស្ស៊ី​បាន​គាំទ្រ​ចិន​ក្នុង​ការទាមទារ​របស់​ខ្លួន​ស្ទើរតែ​ទាំងស្រុង​លើ​សមុទ្រ​ចិន​ខាងត្បូង ដែល​ទីក្រុង​ប៉េកាំ​ង​បាន​ប៉ះទង្គិច​ជាមួយ​គូប្រជែង​រួម​គឺ​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃ​ចន្ទ​នៅ​ឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តី​ពី​សន្តិសុខ​សមុទ្រ​៕

ក្បួន​រថក្រោះ​ចិន​ក្នុង​សមយុទ្ធ​រួម​ជាមួយ​រុស្ស៊ី​នៅ​តំបន់​យូ​រ៉ាល់​នៅ​ថ្ងៃទី​១៣​សីហា​ឆ្នាំ​២០០៧