​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ យោងតាម​របាយកាណ៍រ​បស់ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ដែល​រស្មី​កម្ពុជា​ទទួលបាន ថ្ងៃទី​១០ សីហា ២០២១ បានឱ្យដឹងថា នៅ​ថ្ងៃទី​៩ សីហា ២០២១ រដ្ឋបាលខេត្ត បាន​បន្ត​រកឃើញ អ្នក​វិជ្ជមាន​កូ​វីដ​១៩ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស (Rapid Test ) ចំនួន ២៨​នាក់ ស្រី​១៥​នាក់ ជា​អាជីវក កសិករ ពលករ អ្នករត់​តាក់ស៊ី និង​មន្ត្រីរាជការ និង​ស្លាប់​ស្រី្ត ១ នាក់ ។​

​ក្នុងនោះ អ្នក​ដែលមាន​វិជ្ជមាន​កូ​វិ​ដ្ឋ​១៩ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង .​មណ្ឌល​ព្យាបាល​សាលាបឋមសិក្សា​គំរូ​ក្រុង​. មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និង​មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុន សែន កំពង់លែង ។​

​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង សូម​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ប្រា​ស័​យ​ទាក់ទង ដោយផ្ទាល់ ឬ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ ១៩ ខាងលើ ក្នុង​រយៈពេល ១៤ ថ្ងៃមុន សូម​មក​ពិនិត្យ​សំណាក ជាបន្ទាន់ នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង .​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច .​មន្ទីរពេទ្យបង្អែក​ស្រុក​បរិបូណ៌ .​ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ។​

​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ សូម​សាធារណជន ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​វិធានការ ៣ ការពារ និង ៣ កុំ ដើម្បី​ខ្លួន​យើង គ្រួសារ​យើង និង​សង្គមជាតិ​យើង ។​

​អ្នក​ដែល​បានទទួល​មរណភាព ១​នាក់ ឈ្មោះ ផាន់ ច​ន្ធី ភេទ​ស្រី អាយុ ៥៥ ឆ្នាំ រស់នៅ​ភូមិ​ផ្លូវ​វាយ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​ចូលមក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត នៅវេលា​ម៉ោង ៩ និង​១៥​នាទី ថ្ងៃទី ៨ សីហា ២០២១​។ តែ​ដោយ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ បើទោះបី​ក្រុមគ្រូពេទ្យ បាន​ព្យាបាល តាម​លក្ខណៈ​បច្ចេកទេស យ៉ាងណាក៏ដោយ អ្នកជំងឺ​បានទទួល​មរណភាព នៅវេលា​ម៉ោង ៥​និង ៣០ នាទី​ថ្ងៃទី ៩ ខែសីហា ២០២១ ។​

​បើតាម​ការសន្និដ្ឋានរ​បស់​ក្រុមគ្រូពេទ្យ បានបញ្ជាក់​ថាៈ ស្ត្រី​១​នាក់ ខាងលើ បានទទួល​មរណភាព ដោយសារ រលាក​សួត​ធ្ងន់ធ្ងរ បណ្តាលមកពី​ជំងឺ​កូ​វិដ​១៩ ។​

​ចំណែក អ្នកជា​សះស្បើយ​ថ្មី សរុប​មាន​ចំនួន ៤៣ នាក់ ស្រី​១៦​នាក់ ត្រូវបាន​អនុញ្ញាត ឲ្យ​ចេញពី​មណ្ឌល សម្រាក​ព្យាបាល និង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក នៅ​លំនៅឋាន រយៈពេល ១៤ ថ្ងៃ បន្តទៀត​៕/V​