ដោយៈ វណ្ណៈ / ព្រះសីហនុៈ សាកសពក្មេងប្រុស អាយុ១៤ឆ្នាំ ដែលម្តាយអះអាងថា បានបាត់ខ្លួន នៅក្នុងអគារកាស៊ីណូ មួយកន្លែង (ផ្អាកអាជីវកម្ម) កាលពីរសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ កន្លងមក គិតត្រឹមម៉ោងជាង ៥ ល្ងាចថ្ងៃទី១០ ខែសីហា នេះ កងកម្លាំងមានសមត្ថកិច្ច បានរកឃើញសាកសេពហើយ នៅក្នុងល្អាងទឹកក្បែរ កាស៊ីណូនោះ។
សមត្ថកិច្ច ដែលស្ថិតនៅក្នុងប្រតិបត្តិការរុករក បានឲ្យដឹងថាៈ ក្រោយរយៈពេលជាង ២៤ ម៉ោង ទើបគេរកឃើញសាកសព ក្មេងប្រុស អាយុ១៤ឆ្នាំម្នាក់ ដែលបានបាត់ខ្លួន ពេលចូលរើសអេតចាយ ក្នុងកាសុីណូ ដែលផ្អាកអាជីវកម្ម មួយកន្លែង ឈ្មោះ ហ្កាន់ដាវ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ប្រតិបត្តិការរុករក នៅរសៀលថ្ងៃនេះ ក្រៅពីកម្លាំងសមត្ថកិច្ច និងក្រុមសង្គ្រោះស្ម័គ្រចិត្ត ក៍មានការចូលរួម រុករកពីក្រុមអ្នកមុជទឹក នៃអង្គភាពកំពង់ផែស្វយ័ត ក្រុងព្រះសីហនុផងដែរ ហើយសាកសព ក្មេងប្រុស រងគ្រោះ រកឃើញធ្លាក់ចូល ក្នុងអាងទឹកនៅក្បែរ អគារកាសុីណូនោះ។
សាកសពក្មេងប្រុសរងគ្រោះ មានឈ្មោះ ភឿង វេហា អាយុ ១៤ ឆ្នាំ បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណី បន្ទាប់ពីសមត្ថកិច្ច ធ្វើកោសល្យវិច័យរួចរាល់ ៕/V