ដោយៈសាតចាន់បុត្រ/មណ្ឌលគិរីៈអ្នកឆ្លងជំងឺកូវីដ១៩បានហក់ឡើងដល់ចំនួន៣៥នាក់ក្នុងថ្ងៃនេះ ។អត្រាកើនឡើងនេះ គឺជាចំនួនដែលពុំធ្លាប់មានចាប់តាំងតែពីខេត្តឦសានមួយនេះចាប់ផ្តើមមានការឆ្លងរីករាលដាលជំងឺនេះពីសហគមន៍២០កុម្ភៈ។

យោងទៅលើរដ្ឋបាលខេត្តនៅព្រលប់ថ្ងៃទី១០ខែសីហាបានបញ្ជាក់ថា អ្នកឆ្លងសរុបមានរហូតដល់៣៥នាក់ ក្នុងនោះមាន១៩នាក់ជាស្ត្រី។ក្នុងចំណោមអ្នកឆ្លងទាំង៣៥នាក់មាន៣១នាក់ជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ និងបួននាក់ជាអ្នករស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

ទោះបីជាចំនួនអ្នកឆ្លងបានហក់ឡើងជាង៣០នាក់ក្តី ប៉ុន្តែករណីកូវីដប្រភេទដេលតានៅពុំទាន់មានវត្តមានក្នុងខេត្តនេះ នៅឡើយ។

គិតត្រឹមថ្ងៃទី១០ខែសីហានេះ ចំនួនអ្នកឆ្លងសរុបមាន៤២៨នាក់ទៅហើយ ក្នុងនោះដែលបានជាស្បើយចំនួន២៨០នាក់ និងមានអ្នកស្លាប់បីនាក់ផងដែរ។

ខេត្តមណ្ឌលគិរីដែលមានប្រជាជនប្រមាណជាង៩ម៉ឺននាក់ ក្នុងនេះបានទទួលការចាក់វ៉ាក់សាំងចំនួន៤១.៩៣០នាក់ គិតត្រឹមថ្ងៃទី៩ខែសីហាម្សិលមិញ៕សរន