ភ្នំពេញៈ ឆ្លើយតប​ទៅនឹង​របាយការណ៍​រប​ស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch)​ដែលថា​ការសាងសង់ ទំ​បន់​វា​រី​អគ្គិសនី​សេសា​ន​២​នៅ​ខេត្តស្ទឹងត្រែង បានធ្វើឱ្យ​អន្តរាយ​ដល់​ការលើកស្ទួយ​សិទ្ធិមនុស្ស​នានា​នៅ​កម្ពុជា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ នេះ​បាន​តប ទៅ​អង្គការសិទ្ធិមនុស្ស​វិញ​ថា អង្គការ​នេះ​ចង់ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ដុត​ចង្កៀងប្រេងកាត​។

​លោក​បានចាត់ទុក​របា​យ​ការណ៍​របស់​អង្គការសិទ្ធិមនុស្ស​ថា​ជា​របាយការណ៍​បែប​ភូតកុហក​និង​ជា​របាយការណ៍​ដែល​បំផ្លាញ​សិទ្ធិមនុស្ស​បំផ្លាញ​សិទ្ធិ​សេដ្ឋកិច្ច​ទៅវិញ​ទេ​ហើយ​បានចាត់ទុក​របាយការណ៍​របស់​ឃ្លាំមើល​សិទ្ធិមនុស្ស​នេះ​មាន​ចរិត​ជាការ​បម្រើឱ្យ​ផល ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​និង​រារាំង​ដល់​ដំណើរការ​អភិវឌ្ឍ​កម្ពុ​ជាជាង​ការគិតគូរ​ពី​សិទ្ធិមនុស្ស​ពិតប្រាកដ​។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន (រូប ឯកសារ)

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​បានគិត​គូរ​យ៉ាង​ម៉ត់ចត់ រាល់​គម្រោង​សាងសង់​នានា ហើយ​បាន​ព្យាយាម​កាត់បន្ថយ​ផលប៉ះពាល់​ទាំងឡាយ​តាមរយៈ​ឧបករណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ជាមួយនឹង​ដំណោះស្រាយ​និង​វិធានការ​ច្បាស់លាស់​រួចហើយ​ដូចជា​១.​ត្រូវ​កំណត់ឱ្យ​គម្រោង​បញ្ចេញ​បរិមាណ​ទឹក​គ្រប់គ្រាន់​ទៅ​ខ្សែទឹក​ខាងក្រោម​កំឡុងពេល​ប្រតិបត្តិ​គម្រោង ដែល​អាច​ធានាបាន​ពី​ការថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ទន្លេ​។ ២. គម្រោង​បានផ្តល់​ផ្ទៃដី​ទំហំ​៧.០៨៦,៨០២​ហិកតា ជូន​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង ព្រមទាំង​សាងសង់​លំនៅដ្ឋាន​ដែលមាន​ផ្ទះថ្ម​ចំនួន ១១៨​ខ្នង ផ្ទះ​ឈើ​ចំនួន ៤៧១​ខ្នង បន្ថែម​ថវិកា​សង់​ដោយ​ខ្លួនឯង​ចំនួន ១២៧​ខ្នង ជីក​ស្រះ​ចំនួន ៦៣ ស្រះ សាលារៀន​ចំនួន ១២ សាលា​មតេយ្យ​ចំនួន ១២ សាលាឃុំ​ចំនួន ២ វត្ត​អារាម ៣ ប៉ុស្តិ៍នគរបាល​២ ប៉ុស្តិ៍​អាវុធហត្ថ​១ និង​ជីក​អណ្តូងទឹក​ចំនួន ១៨១​។ ដោយឡែក​ប្រជាពលរដ្ឋ​ចំនួន ១២​គ្រួសារ ដែល​រស់នៅ​ភូមិ​ភ្លុក ឃុំ​ភ្លុក​ទទួលយក​សំណង​ថវិកា 100% ពី​ក្រុមហ៊ុន ហើយ​ក៏មាន​ប្រជាពលរដ្ឋ​ចំនួន ៥៦​គ្រួសារ មិន​ព្រម​ទទួល​សំណង និង​សុខចិត្ត​រស់នៅ​នៅ​ទីទួល​សុវត្ថិភាព ព្រមទាំង​ផ្តល់​ផលប៉ះពាល់ ផ្សេងទៀត​។

លោក​បាន​ថ្លែងថា ការ​ពិពណ៌នា​ក្នុង​របាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស Human Rights Watch ទាក់ទង​នឹង​គម្រោង​សាងសង់​ទំនប់​វា​រី អគ្គិសនី​សេសា​ន ២ គ្រាន់តែ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ បំផ្លើស បំប៉ោង​ខុសពី​ការពិត​អំពី​កម្ពុជា និង​ដើម្បី​ធ្វើ​វិ​ទ្ធ​ង្ស​ប្រឆាំងនឹង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា និង​ព្យាយាម​ចិញ្ចឹម​ទំនាស់​ដើម្បី​បម្រើ​របៀបវារៈ​នយោបាយ​មួយ​ពិតប្រាកដ​មួយ​ប៉ុណ្ណោះ​។

​លោក​បាន​បន្តថា ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​២ បានផ្តល់​ផល​វិជ្ជមាន​ជាច្រើន​ដល់​សេដ្ឋកិច្ច​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ ដូចជា​៖ គម្រោង​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ៤០០MW ជា​សំណង់​វា​រី​អគ្គិសនី​ដ៏​ធំ​មួយ​ដែល​ចាត់ទុកថា​ជា​ថាមពល​ដែល​អាច​កកើត​ឡើងវិញ​បាន និង​មានការ​លើកទឹកចិត្ត​ក្នុងការ​ប្រើប្រាស់​ថាមពល​បែបនេះ​។ គម្រោង​នេះ​អាច​ផ្តល់​ថាមពល​អគ្គិសនី​យ៉ាងច្រើន និង​អាច​ផលិត​ថាមពល​ស្អាត​រយៈពេល​វែង និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុងប្រទេស​អាច​ទទួល​ថាមពល​អគ្គិសនី​ប្រើប្រាស់​បាន ព្រមទាំង​វា​អាច​កាត់បន្ថយ​ការកើនឡើង​នៃ​ភពផែនដី​យើង​។

​លោក​មានប្រសាសន៍ថា ការអភិវឌ្ឍ​វា​រី​អគ្គិសនី និង​ផលិត​ថាមពល​អគ្គិសនី ស្របទៅតាម​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ជំរុញ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឱ្យបាន​លឿន​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ទាំង​ឯកជន និង​សាធារណៈ​។ គម្រោង​នេះ​បានផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា​ទាំងមូល​។​

​រដ្ឋលេខាធិការ នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​គឺជា​ការកសាង​ធុង អាគុយ និង​សន្តិសុខ​ថាមពល​សម្រាប់​ប្រទេស​។​កម្ពុជា​បាន​អភិវឌ្ឍ​ប្រទេស​ពី​ការដុត​ចង្កៀងប្រេងកាត​មកជា​កា​រ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ គួរតែ​អង្គការសិទ្ធិមនុស្ស​មួយ​នេះ​កោតសរសើរ​ទៅវិញ​ទេ​ដែល​រាជ​រដ្ឋា​ភិ បាល​កម្ពុជា​បានគិត​គ្រប់​ជ្រុងជ្រោយ​លើ​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ផ្តល់ជូន​ប្រជាពលរដ្ឋ​តាម​តម្រូវការ និង​ផ្តោតលើ​ការអភិវឌ្ឍ​លើ​វិស័យ​អាទិភាព​របស់​ជាតិ គឺ​មនុស្ស ផ្លូវ ភ្លើង និង​ទឹក​។ នេះ​គឺជា​អ្វីដែល​ពលរដ្ឋ​ខ្មែរ​ចង់បាន តែ​ក្រុម​អង្គការសិទ្ធិមនុស្ស​ជ្រុលនិយម​ដូចជា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Right Watch បែរជា​ចង់ឱ្យ​ពលរដ្ឋ​កម្ពុជា​បន្ត​ដុត​ចង្កៀងប្រេងកាត​ក្នុង​សតវត្សរ៍​ទី​២១ នេះ​ទៅវិញ​។

​តាម​ការលើកឡើង​រប​ស់លោក នេត្រ ភក្ត្រា ក្រសួងបរិស្ថាន របាយការណ៍​នេះ​ត្រូវបាន​ពលរដ្ឋ​កម្ពុជា​រិះគន់​យ៉ាងធ្ងន់ធ្ងរ ដែល​អង្គការ​មួយ​នេះ​គួរ​រៀនសូត្រ​ហើយ​ពលរដ្ឋ​ខ្មែរ​មិន​ជឿ​របាយការណ៍​ខុសពី​ការពិត​និង​មាន​ច​រិ​បម្រើ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​នេះ​ទេ​។ ឯកឧត្តម​ក៏បាន​ឱ្យដឹង​ដែរ​ថា ស្ថានភាព​ទឹក​ទន្លេសេសាន និង​គុណភាព​ទឹក​ខាងលើ និង​ខាងក្រោម​ទំនប់​វា​រី​អគ្គិសនី​បច្ចុប្បន្ន​ពុំមាន​ការប្រែប្រួល​។​ក្នុងករណី​មានការ​ប្រែប្រួល​គឺមាន​ការប្រែប្រួល​ជា​លក្ខណៈ​ទូទៅ​នៃ​បណ្តា​ប្រទេស​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ​ទាំងអស់ (​ប្រទេស​ចិន ប្រទេស​ភូមា ប្រទេស​ឡាវ ប្រទេស​ថៃ ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​)៕​សរន​