​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង : នៅ​ថ្ងៃទី​១០ សីហា ២០២១​ម្សិលមិញ​លោក ស៊ុន សុវណ្ណ​រិ​ទ្ឋិ អភិបាលខេត្ត​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ លោកស្រី កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ និង​អភិបាលរង​ខេត្ត មន្ត្រីរាជការ​អាជ្ញាធ​ស្រុក​មេឃុំ​បាន​ចុះ​ធ្វើការ​ពិនិត្យ​អំពី​ស្ថានភាព​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ មួយ​រហូត​ឈានដល់​ស្ថាប័ន​តុលាការ រវាង​ប្រជាពលរដ្ឋ​៣​គ្រួសារ និង​ប្រជាពលរដ្ឋ​៥៥​គ្រួសារ​នៅក្នុង​ភូមិ​សេរី ឃុំ​ច្រេស ស្រុក​កំពង់ ត្រឡាច ដើម្បី​ឈានទៅរក​ការដោះស្រាយ ដើម្បី​បញ្ចប់រឿង​ដោយ​ធ្វើអោយ​ភាគី​ទាំងសងខាង​អាច​ទទួលយកបាន​ដោយ​ស្ងប់ចិត្ត ។

បើ​យោងតាម​ការបញ្ជាក់​ពី​លោក​មេភូមិ​ដែល​បាន​រាយការណ៍​ជូន​និង​មានភ្ជាប់​នូវ​ឯកសារ​ដាក់ជូន​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ក្រុមការងារ​ដែល​ចុះ​សិក្សា​ស្វែងយល់​ពី​ទំនាស់​នេះ បានឱ្យដឹងថា​៖ រឿង​ទំនាស់​នេះ​កើតឡើង​ពី​ការបិទផ្លូវ រវាង​ប្រជាពលរដ្ឋ​៣​គ្រួសារ ជាមួយ​ប្រជាពលរដ្ឋ ៥៥ គ្រួសារ ដោយ​ភាគី​ខាង​៣​គ្រួសារ​អះអាងថា ជា​ដី​កម្ម​សិ​ទ្ឋ​របស់ខ្លួន ចំណែក​ប្រជាពលរដ្ឋ​៥៥​គ្រួសារ អះអាងថា ជា​ដី​ផ្លូវ​រទេះ​ធ្លាប់​ធ្វើដំណើរ​តាំងពី​យូ​ណាស់​មកហើយ​នៅក្នុង​ភូមិ​ខាងលើនេះ​។​

​ក្រោយពី​បាន​ពិនិត្យ និង​ស្តាប់​ការបង្ហាញ​ពី​ឯកសារ និង​ការបកស្រាយ​របស់​ភាគី​ទំនាស់​ទាំង​២​រួចមក អភិបាលខេត្ត​កំពង់ឆ្នាំង បាន​សំណូមពរ​ដល់​ភាគី​ទំនាស់​ទាំងសងខាង សូម​រក្សា​ភាព​ស្ងប់ស្ងៀម និង​កុំ​បន្ត​ជា​ទំនាស់​ដែល​ឈានដល់​អំពើ​ហឹ​ង្សា​ឡើង​ដោយ ទុកអោយ​អាជ្ញាធរ​ចុះ​សិក្សា​ពី​ទំនាស់​ដ៏​រ៉ាំ​រៃ​មួយ​នេះ ឱ្យបាន​ស៊ីជម្រៅ ដើម្បី​សំដៅ​ស្វែងរក​យន្ដការ​ដោះស្រាយ​មួយ មាន​តម្លាភាព និង​តាម​គោល នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​អាច​ទទួលយកបាន​ដោយ​សន្តិវិធី​ទាំងអស់គ្នា ។​

​ជាមួយគ្នានេះ អភិបាលខេត្ត​កំ​ព​ងើ​ឆ្នាំង នឹង បង្កើតឱ្យមាន​ក្រុម​គណៈកម្មការ​ដំណោះស្រាយ​ទំនាស់​១​ក្រុម​ដែល​នឹង​ដឹកនាំ​ដោយ អភិបាលរង​ខេត្ត​មួយ​រួប រួម​និង​មន្ត្រី​ជំនាញ ចុះ​សិក្សា ស្វែងយល់​ពី​មូលហេតុ​ទំនាស់​ដែល​បានកើត​ឡើង ឱ្យបាន​ច្បាស់លាស់ ដើម្បី​ឈាន ដល់​ការដោះស្រាយ​ទួលបាន​នូវ​ជោគជ័យ និង​អាច​ទទួលយកបាន​ពី​ភាគី​ទាំងសងខាង​។

​ក្រោយ​ស្តាប់​ការពន្យល់​របស់​អាជ្ញាធ​រ​ខេត្ត​រួចមក ប្រជាពលរដ្ឋ​ទាំង​២​ភាគី​បាន​យល់ស្រប និង​បំបែក​គ្នា​ចេញទៅ​វិញ​រៀងៗ​ខ្លួន ដើម្បី​រង់ចាំ​ការដោះស្រាយ​ដោយ​សន្តិវិធី ក្រោយពី​ការចុះ​សិក្សា និង​ស្វែងយល់​របស់​ក្រុមការងារ​ដោះស្រាយ​ទំនាស់​របស់​ខេត្ត ៕​