ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ អភិបាលរដ្ឋញូវយ៉កលោក អេនឌ្រូ ខូម៉ូ ដែលកំពុងប្រឈមនឹងលទ្ធភាពចោទប្រកាន់ជុំវិញការអះអាងអំពីការបៀតបៀនផ្លូវភេទពីស្ត្រី ១១ នាក់និងសម្ពាធកាន់តែខ្លាំងឡើងឱ្យលាលែងពីតំណែងពីសមាជិកគណបក្សប្រជាធិបតេយ្យ បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃអង្គារទី១០សីហា។
វាគឺជាការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់លោកខូម៉ូអាយុ ៦៣ ឆ្នាំដែលទើបតែមួយឆ្នាំមុននេះបានទទួលការកោតសរសើរចំពោះការគ្រប់គ្រងរបស់គាត់លើជំងឺរាតត្បាតមុនពេលហ៊ុមព័ទ្ធដោយការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទនិងការចោទប្រកាន់នានាថាគាត់បានលាក់បាំងពីទំហំនៃការស្លាប់ដោយកូវីដនៅតាមមណ្ឌលថែទាំមនុស្សចាស់។
លោកមកពីគ្រួសារមួយដែលអ្នករដ្ឋញូវយ៉កចាត់ទុកជារាជវង្សនយោបាយព្រោះលោកម៉ារីអូជាឪពុករបស់គាត់បានកាន់តំណែងបីអាណត្តិជាអភិបាលរដ្ឋហើយប្អូនប្រុសរបស់គាត់ឈ្មោះគ្រីសគឺជាពិធីករល្បីបំផុតនៅទូរទស្សន៍ CNN ប៉ុន្តែក្នុងរយៈពេលពីរសប្តាហ៍ទៀត លោកខូម៉ូនឹងចាកចេញពីតំណែង។
លោកខូម៉ូបាននិយាយនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា “ខ្ញុំគិតថាក្រោមកាលៈទេសៈបែបនេះ វិធីល្អបំផុតដែលខ្ញុំអាចជួយបាននៅពេលនេះគឺខ្ញុំត្រូវដើរចេញហើយទុកឱ្យរដ្ឋាភិបាលវិលត្រឡប់មកគ្រប់គ្រងវិញ។ ការលាលែងពីតំណែងរបស់ខ្ញុំនឹងចូលជាធរមានក្នុងរយៈពេល ១៤ ថ្ងៃ”។
លោកខូម៉ូនឹងប្រគល់លិខិតលាលែងពីតំណែងអភិបាលរដ្ឋដែលមានប្រជាជនច្រើនបំផុតទីបួនរបស់ប្រទេសនេះដល់អភិបាលរង លោកស្រី ខាធី ហូឈុលជាអ្នកប្រជាធិបតេយ្យម្នាក់ដែលនឹងក្លាយជាអភិបាលស្រីដំបូងបង្អស់របស់ញូវយ៉ក។
លោកខូម៉ូបានបដិសេធម្តងហើយម្តងទៀតនូវការអះអាងអំពីការបៀតបៀនផ្លូវភេទដែលសរសេរនៅក្នុងរបាយការណ៍ព័ត៌មានដ៏កក្រើកមួយ ដែលចេញផ្សាយកាលពីសប្តាហ៍មុនដោយការិយាល័យរបស់អគ្គរដ្ឋអាជ្ញារដ្ឋ លោកឡេធីធ្យា ជេមស៍។
លោកខូម៉ូនិយាយថា “របាយការណ៍បាននិយាយថាខ្ញុំបានបៀតបៀនផ្លូវភេទស្ត្រី ១១ នាក់។ នោះគឺជាចំណងជើងព័ត៌មានដែលមនុស្សបានដឹងឮនិងមើលឃើញ។ ប្រតិកម្មគឺពោរពេញដោយកំហឹង។ ប្រតិកម្មគឺគួរតែបែបនេះឯង។ ទោះយ៉ាងណា វាជារឿងមិនពិតទេ”។
ប៉ុន្តែគាត់បាននិយាយថាគាត់ចង់សុំទោសយ៉ាងជ្រាលជ្រៅចំពោះស្ត្រីណាដែលអាចរងការប្រមាថដោយសកម្មភាពរបស់គាត់៕
លោកខូម៉ូប្រកាសលាលែងពីតំណែងអភិបាលរដ្ឋញូវយ៉កកាលពីថ្ងៃអង្គារ