​ប្រែ​សម្រួលៈ​វាសនា​/​ប្រា​ស៊ី​លី​យ៉ា​៖ សភា​ជាន់​ទាប​ប្រេ​ស៊ីល​កាលពី​ថ្ងៃ​អង្គារ​បាន​បោះឆ្នោត​បដិសេធ​ផែនការ​មួយ​របស់​ប្រធានាធិបតី​ស្តាំនិយម ហ្ស៊ែ​រ បុល​សូ​ណារ៉ូ​ដើម្បី​ដូរ​ប្រព័ន្ធ​បោះឆ្នោត​របស់​​ប្រទេស ទោះ​ជា​រដ្ឋាភិបាល​បង្ហាញ​កម្លាំងយោធា​មិនធម្មតា​នៅក្នុង​រដ្ឋធានី​ក្តី​។​

​ពួក​អ្នកនយោបាយ​បាន​ហៅ​ការបង្ហាញ​ក្បួន​រថក្រោះ រថពាសដែក និង​យានយន្ត​យោធា​នៅ​ប៉ុន្មាន​ម៉ោង​មុន​សភា​បោះឆ្នោត​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ស្នើឡើង​ដោយ​លោក​បុល​សូ​ណារ៉ូ​​នេះ​ថា​ជា​ទំរង់​នៃ​ការបំភិតបំភ័យ​មួយ​។​

​សភា​ជាន់​ទាប​ប្រេ​ស៊ីល បាន​បោះឆ្នោត​បដិសេធ​សំណើ​នេះ ជាមួយ​នឹង​សម្លេង​គាំទ្រ ២២៩ ប្រឆាំង​២១៨ និង​១​អនុប្បវាទ ហើយ​សមាជិក​សភា​ជាច្រើន​រូប​អវត្តមាន​។​

​ការបោះ​ឆ្នោត​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ណាមួយ​ទាមទារ​សម្លេងគាំទ្រ​៣​ភា​៥ ដូច្នេះ​ការបោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ខ្វះ​៧៩​សម្លេង​ទៀត​ដើម្បី​អនុម័ត​ការកែប្រែ​ច្បាប់​កំពូល​របស់​ប្រទេស​។​

​ទោះជា​មាន​ការចោទប្រកាន់​ពី​ក្រុម​នយោបាយ​ប្រឆាំង ក៏​កងទ័ព​ជើង​ទឹក​បាន​និយាយថា ការ​ដង្ហែ​ក្បួន​យោធា​នេះ​ត្រូវបាន​រៀបចំ​ទុកជា​យូរ​មក​ហើយ​និង​ខ្លួន​ថែមទាំង​បាន​អញ្ជើញ​ប្រធានា​​ធិបតី​អោយ​ចូលរួម​ទៀតផង​។​

​សូមបញ្ជាក់​ថា នៅពេល​ប្រជាប្រិយភាព​ធ្លាក់ចុះ​ចំពេល​ប្រទេស​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​រលក​ទី​២​ដ៏​ផ្តាច់ផ្តិល​ជីវិត​មនុស្ស​បំផុត លោក​បុល​សូ​ណារ៉ូ​បាន​ស្នើសុំ​អោយ​ប្រើ​សន្លឹកឆ្នោត​ជា​ក្រដាស​វិញ​ជំនួស​អោយ​​ប្រព័ន្ធ​បោះឆ្នោត​អេឡិចត្រូនិច​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២២ ដោយ​លើក​ហេតុផល​អំពី​ការលួចបន្លំ​។​លោក​បាន​គំរាម​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ ដែល​ការ​ស្ទង់​​មតិ​បង្ហាញថា​លោក​ចាញ់ គូប្រជែង​ឆ្វេងនិយម គឺ​អតីត​ប្រធានាធិបតី ល្វី អ៊ី​ណា​ស្យូ លូ​ឡា ដា ស៊ី​ល​វ៉ា​៕

​អម​សងខាង​ដោយ​មេបញ្ជាការ​ទ័ព និង​រដ្ឋមន្ត្រី​ការពារជាតិ លោក​បុល​សូ​ណារ៉ូ បាន​ឈរ​នៅក្រៅ​វិមាន​រដ្ឋាភិបាល​មើល​ក្បួន​យោធា​ហែរ​កាត់​កាលពី​ថ្ងៃអាទិត្យ​