ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ កាលនៅព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទសុភក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារ បានអញ្ជើញជាអធិបតី បើកដំណើរការ យុទ្ធនាការចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ប្រភេទ អាស្ត្រាហ្សេនីកា ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ជូនដល់កងកម្លាំងទីបញ្ជាការ ទិសយោធភូមិភាគទី៤ ដែលបំពេញភារកិច្ច ជួរមុខ តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ ដើម្បីប្រឆាំងនឹងការចម្លងរីករាលដាល ពីវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ដែលកំពុងផ្ទុះខ្លាំង ពីប្រទេសថៃ។ យុទ្ធនាការនេះ ធ្វើឡើងនៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តការសឹក រងព្រះវិហារ ។
លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានមានប្រសាសន៍ថាៈ វ៉ាក់សាំងដែលចាក់ ជូនបងប្អូន មន្ត្រីរាជការ កងកម្លាំង គ្រួសារទ័ពជួរមុខ ដូសទី៣ នាពេលនេះ គឺជាការផ្តល់ជូនដ៏ពិសិទ្ធ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំ គ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋរបស់យើង ឲ្យបានគ្រប់ៗគ្នា។
លោកបានបន្តថាៈ ក្នុងនាមខ្ញុំបាទ ជាមេបញ្ជាការ ជំនួសមុខឱ្យ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងទីបញ្ជាការតំបន់ប្រតិបត្តការសឹក រងព្រះវិហារ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលជា និច្ចកាល សម្តេចតែងតែរួមសុខរួមទុក្ខ ជាមួយមន្ត្រីរាជការកងកម្លាំង ក្រោមឱវាទ ដែលបំពេញភារកិច្ច នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ និងប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ដើម្បីឱ្យរួចផុតពីជំងឺកូវីដ-១៩ នេះ៕/V-PC