ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ ការិយាល័យ​ធម្មការ​ខណ្ឌ និង​ក្រុមការងារ បានរៀបចំ​សម្របសម្រួល សហការ​ជាមួយ​អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ ធ្វើការ​ចាក់​វ៉ា​សាំង ប្រគេន​ដល់​ព្រះសង្ឃ ដែលមាន​ព្រះជន្ម​១២​វស្សា ដល់​១៧​វស្សា ចំនួន​១៦៩​អង្គ ស្ថិតនៅ​មណ្ឌល​សុខភាព សំរោងក្រោម សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​លោក ប្រាក់ ពិន ប្រធានការិយាល័យ​ធម្មការ​ខណ្ឌ បាន​មានប្រសាសន៍ថា ដោយ​អនុវត្តតាម​ការណែនាំ និង​យកចិត្តទុកដាក់ ពី​សំណាក់​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ ក្នុងការ​ជម្រុញ​ដល់​មន្ត្រីក្រោមឱវាទ អនុវត្ត​ឱ្យបាន​ម៉ត់ចត់ តាម​ផែនការ​ដ៏​ច្បាស់លាស់ និង​ឈ្លាសវៃ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងសុខាភិបាល និង​ពី​អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​ក្រុមគ្រូពេទ្យ ផ្ដល់​ការចាក់​វ៉ាក់សាំង ដល់​ពលរដ្ឋ​គ្រប់រូប ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​អាយុ​១៧​ឆ្នាំ ដើម្បី​ចូលរួម​បង្កា​ទប់ស្កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ។ ក្នុងនោះ ការិយាល័យ​ជំនាញ និង​ព្រះ​មន្ត្រី​សង្ឃ​សាលា​អនុគណ​សង្ឃ ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​ដឹកនាំ​ដោយ ព្រះ​ធម្ម​បញ្ញា​មុន្នី​សែន សុភា ព្រះគ្រូ​អនុគណ​ស្ដីទី​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​សហការ​ជាមួយ​អាជ្ញារ​ពាក់ព័ន្ធ និង​លោកស្រី សាន ម៉ានិត ប្រធាន​មណ្ឌល រួម​នឹង​ក្រុមគ្រូពេទ្យ បាន​ចាក់​វ៉ាក់សាំង​ប្រគេន​ដល់​ព្រះសង្ឃ មាន​ព្រះជន្ម​ចាប់ពី​១២​ព្រះវស្សា ដល់​១៧​ព្រះវស្សា ដែល​គង់នៅ​វត្ត​អា​រ៉ា​ម​នានា ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ដោយ​ទទួល​ជំនួយ​ឧបត្ថម្ភ​ភេសជ្ជៈ ពី​សំណាក់ ព្រះគ្រូ​មង្គល​ចរិយា​ឧត្ដម សាង​សម្បត្តិ ព្រះ​គ្រូសូត្រស្ដាំ វត្ត​តិ​ក្ខ​ប្ប​ញ្ញោ ប្រគេន​គ្រប់ៗ​ព្រះអង្គ ៕​