ដោយៈ គង់ហេង/ កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថាៈ នៅបវេសនកាលឆ្នាំសិក្សាថ្មី ដែលនឹងមកដល់នាប៉ុន្មានខែខាងមុខទៀតនេះ ករណីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សណា ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទេ គឺមិនអនុញ្ញាតឱ្យចូលបង្រៀន និងរៀនក្នុងសាលាឡើយ។
លោកអភិបាលខេត្តកំពង់ចាម ថ្លែងជាសាធារណៈនៅក្នុងជំនួបប្រជុំមួយក្នុងសាលាខេត្តកាលពីព្រឹកថ្ងៃទី១០ សីហា ដោយអំពាវនាវដល់ក្មួយៗ ជាកុមារ និងយុវវ័យអាយុចាប់ពី ១២ ដល់ ១៨ ឆ្នាំ ឬបងប្អូនជាមាតាបិតា អាណាព្យាបាលនាំកូនៗ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ទាំងអស់គ្នា ដើម្បីចូលរៀននៅឆ្នាំសិស្សាថ្មីខាងមុខនៅរង្វង់បី ទៅ បួន ខែទៀតនេះ។ ប៉ុន្តែនៅពេលចូលរៀន បើសិនសិស្សានុសិស្សដែលគ្រប់អាយុចាក់វ៉ាក់សាំង បែរជាមិនចាក់ គឺមិនមានឱកាសចូលរៀននោះទេ។ ជាពិសេសគ្រូៗ ដែលមិនទាន់បានកាតចាក់វ៉ាក់សាំង ក៏មិនអាចអនុញ្ញាតឱ្យចូលបង្រៀនដែរ។ នេះមិនមែនជាការរើសអើងទេ គឺជាការចូលរួមការពារកុំឱ្យជំងឺកូវីដ ១៩ ផ្ទុះក្នុងសាលារៀន។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ សីហានេះដែរថាៈ លោកសូមទទួលស្គាល់ និងឯកភាព ថាជារឿងត្រឹមត្រូវ ចំពោះប្រសាសន៍លោកអភិបាលខេត្តខាងលើ ប៉ុន្តែកន្លងមកលោកគ្រូ អ្នកគ្រូសរុបទូទាំងខេត្តប្រមាណ ៨.០០០ នាក់ ក្នុងចំណោមនោះ នៃពួកគាត់ (លោកគ្រូ អ្នកគ្រូ) គឺមានជាង ៩០ ភាគរយបានចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺមួយនេះរួចហើយ។
លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាបានបន្តថាៈ ធាតុពិតនៅសល់គ្រូៗ ប្រហែលជិត ១០ ភាគរយមិនទាន់បានចាក់នោះ គឺពួកគាត់ចង់ចូលរួមចាក់ទាំងអស់ ប៉ុន្តែពាក់ព័ន្ធលក្ខណៈបច្ចេកទេសរបស់ខាងសុខាភិបាលដូចជាមានជំងឺ រ៉ាំរ៉ៃ ប្រចាំកាយ មានផ្ទៃពោះ កូនតូចកំពុងបំបៅដោះ គឺករណីនេះទំនងជារង់ចាំមើលការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល៕