ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ពីជំនួបជាមួយ លោករដ្ឋមន្ត្រីការបរទេសព្រុយណតាមប្រព័ន្ធវិដេអូនៅថ្ងៃទី១១ខែសីហានេះ។
លោកប្រាក់ សុខុន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា “នៅព្រឹកនេះ ខ្ញុំបានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម តាមប្រព័ន្ធវីដេអូ។
ខ្ញុំបានឆ្លៀតឱកាសនេះដើម្បីអបអរសាទរជាថ្មីម្តងទៀត ដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន ប្រកបដោយភាពជោគជ័យ និងដែលឯកឧត្តមត្រូវបានតែងតាំងជា ប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា”។
លោកបន្តថា យើងបានផ្លាស់ប្តូរមតិ និងយោបល់មួយចំនួនដើម្បីអនុវត្តឱ្យបានល្អនូវ ការព្រមព្រៀងជាឯកឆ្ឆន្ទ ៥ ចំណុច ដែលមេដឹកនាំអាស៊ានបានអនុម័តនៅខែមេសាកន្លងទៅ។ ខ្ញុំក៏បានគូសបញ្ជាក់ពីការ គាំទ្រយ៉ាងមុតមាំរបស់ខ្ញុំ ចំពោះបេសកកម្មរបស់គាត់ និងចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងការវិលទៅរកជីវភាពធម្មតាវិញរបស់មីយ៉ាន់ម៉ា ក៏ដូចជាផលប្រយោជន៍រួមនៃគ្រួសារអាស៊ានរបស់យើង៕សរន