​ដោយៈ​បាយ័ន​/​សៀមរាបៈ នៅ​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០២១​ការធ្វើ​តេស្ត​រហ័ស​លើ​បងប្អូន​អាជីវករ​នៅ​ផ្សារ​បណ្តោះអាសន្ន ផាម​កុង​ទី​ន័​រ​ចំនួន ៣៦៧​នាក់ គេ​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​ប្រាំ​នាក់ និង​នៅ​ផ្សារលើ​ធំថ្មី ៤៣២​នាក់ រកឃើញ​បីនាក់ ។ នេះ​ជាការ​បញ្ជាក់​ឱ្យដឹងពី លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​នៅ​ល្ងាច​ថ្ងៃទី​១១ ខែសីហា​នេះ​។​

លោក​ថ្លែង​ទៀតថា ការឆ្លង​នៅតែមាន​ជា​បន្តបន្ទាប់ ក្នុងចំណោម​បងប្អូន​អាជីវករ​ដែល​អ្នកខ្លះ​អាចជា​ជំងឺ​កូ​វីដ​-១៩ បំប្លែង​ថ្មី​ប្រភេទ “​ដែល​តា​” ផងដែរ ។ លោក​អភិបាល​ទទូច​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បន្ថែមទៀត​អនុវត្តតាម​វិធានការ ៣​ការពារ ៣​កុំ ។​

​លោក​បន្តថា ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ មានតែ​ការចូលរួម​ពី​បងប្អូន ពូ មីង ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្លួន ។​បើ​យើង​រួមគ្នា​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​គ្រប់ៗ​គ្នា យើង​នឹង​ការពារ​បាន និង​អាច​កាត់បន្ថយ​នៃ​ការចម្លង​ក៏​កាន់​តែមាន​ប្រសិទ្ធភាព កុំ​ឲ្យ​ជំងឺ​នេះ​ប៉ះ​ដល់​ខ្លួន​យើង និង​ក្រុមគ្រួសារ​របស់​យើង​៕​សរន​