ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្តីសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស ជា​លក្ខណៈ​ឯកជន ដែលមាន​មនុស្ស​ចូលរួម​លើសពី​១៥​នាក់ សម្រាប់​រយៈពេល ១៤​ថ្ងៃ​បន្ថែមទៀត គិត​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១​។​

​នៅក្នុង​សេចក្តីសម្រេច​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​សម្រេច​លើកលែង​ក្នុងករណី​ដូចខាងក្រោម​៖

​ទី​១៖ ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ ដែល​រស់នៅក្នុង​លំនៅឋាន ឬ​ទី​សំណាក់​ជាមួយគ្នា​
​ទី​២៖ ការរៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រោយពេល​យក​សំណាក​សាកសព​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ដោយ​ទទួល បាន​លទ្ធផល​អវិជ្ជមាន​
​ទី​៣៖ ការជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្តុំ​មនុស្ស និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល ជាអាទិ៍​ការយក​វត្ថុ​សំណាក មក​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ និង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩
​ទី​៤៖ ការជួបជុំ​របស់​បុគ្គ​លិ​ក​សុខាភិបាល ដែល​បំពេញការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត​
​ទី​៥៖ ការជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​បំពេញការងា​រ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​
​ទី​៦៖ ការជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រីនគរបាល​យុត្តិធម៌ ឬ​របស់​សាលាជម្រះក្តី​
​ទី​៧៖ ការជួបជុំ​មនុស្ស​ដែលមាន​ភាពចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ​ក្នុង​គោលបំណង​ផ្សេងទៀត​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​។​

​នៅក្នុង​សេចក្តីសម្រេច​នេះ​ក៏បាន​បញ្ជាក់ដែរថា រាល់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ត្រូវបាន​ហាមឃាត់​ផងដែរ​៕​