ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ចំពោះករណីមន្រ្តីនគរបាលជាច្រើននាក់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរួមគ្នាប្តឹងលោក អ៊ុំ ចំរើន អធិការនគរបាលស្រុកបសេដ្ឋ ទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សុំឲ្យផ្លាស់ប្តូរចេញដោយសារលោក អ៊ុំ ចំរើន បានប្រព្រឹត្តកំហុសជាច្រើន និងពុករលួយ គឺអគ្គស្នងការនគរបាលជាតិ បានស្នើសុំដកចេញហើយ។
ទាក់ទងករណីនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាកាលពីកាលពីល្ងាចថ្ងៃទី១១ ខែសីហានេះថា “ស្នើដកហើយ”។

យោងតាមពាក្យបណ្ដឹងរបស់មន្រ្តីនគរបាលស្រុកបសេដ្ឋ បានរៀបរាប់ឲ្យដឹងថា លោក អ៊ុំ ចំរើន អធិការនគរបាលស្រុកបសេដ្ឋ បានប្រព្រឹត្តទង្វើមួយចំនួនរួមមាន ៖ រាល់ការតែងតាំង និងផ្លាស់ប្ដូរមុខងារមន្ត្រីក្រោមឱវាទ តែងទាមទារលាភសក្ការៈ ពោលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំពោះការងារកសាងអង្គភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗវិញ គ្មានរីកចម្រើនទាល់តែសោះ។ មិនឲ្យតម្លៃដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដឹកនាំខ្វះក្រមសីលធម៌ ហើយគ្មានការទទួលខុស ត្រូវ។ ចំពោះចរិតឫកពាមិនសមជាថ្នាក់ដឹកនាំ ឬមិនធ្វើជាគំរូដល់កូនចៅ ជារឿយៗបានជេរប្រមាថមើលងាយកូនចៅក្រោមឱវាទ តាមវិទ្យុទាក់ទង មិនស្គាល់ចាស់ស្គាល់ក្មេង និយាយអួតក្អេងក្អាងថា ខ្លួនមានតួនាទីធំ និងមានអ្នកនៅពីក្រោយខ្នងជាអ្នកធំផងដែរ។

អធិការរង នាយផ្នែក នាយរងផ្នែក និង នាយប៉ុស្តិ៍ សូមសំណូមពរដល់ សម្ដេចក្រឡា ហោម ស ខេង និងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជួយពិនិត្យមើលការដឹកនាំរបស់លោកវរសេនីយ៍ត្រី អ៊ុំ ចំរើន អធិការនគរបាលស្រុកបសេដ្ឋ ដើម្បីសុំឲ្យមានការផ្លាស់ប្តូរ តួនាទី លោក អ៊ុំ ចំរើន ចេញពីអធិការនគរបាលស្រុកបសេដ្ឋដោយពុំមានសមត្ថភាពដឹកនាំ៕សរន