ដោយ:ភ្នំសន្ទុក-ប.ជ័យ /កំពង់ធំ:សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ជំរុញប្រជាពលរដ្ឋធ្វើការដាំដុះដើម្បីបង្កើនជីវភាពគ្រួសារ​ ។

ការថ្លែងយ៉ាងដូច្នេះ​ ដោយលោក គៀង សេងគី ប្រធានសមាគមខាងលើ ក្នុងពេលដឹកនាំក្រុមការងារទៅផ្តល់គ្រាប់ពូជ​ បន្លែនិងសម្ភារកសិកម្មដល់ប្រជាពលរដ្ឋងាយរងគ្រោះ​ នៅស្រុកតាំងគោក កាលថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២១ ។

លោក គៀង សេងគី បានលើកឡើងថា ការ​រៀបចំដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ មានការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) ,សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់, វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការអេដអាក់ស្យុង (AEA)។

ជាមួយគ្នានេះ លោក គៀង សេងគី បានថ្លែងអំណរគុណដល់អង្គការដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរដែនដីដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។ជាពិសេស ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងខ្លាំងដើម្បីប្ដូរផ្ដាច់អនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ​ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ រួមមានវិស័យកសិកម្ម ឧស្សាហកម្មដែល​ កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម​កិច្ច និងសេដ្ឋកិច្ចជាតិ រក្សានូវសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជា​ នឹងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ​រួមទាំងដោះស្រាយបញ្ហាប្រឈមនានា។

លោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាពដោយបរិភោគទឹកស្អាត សម្រាកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះចៀសវាងការកើតមាន ជំងឺផ្សេងៗ។ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វនិងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយ ប្រចាំថ្ងៃដោយផ្លាស់ប្តូរ ទំលាប់មិនល្អ និងផ្តល់ឱកាសឱ្យកូនបានសិក្សារៀនសូត្រដោយប្រែក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។

អ្នកទទួលផល គឺប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីបានថ្លែងអំណរគុណដល់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ អង្គការដៃគូ និងរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋខ្វះខាត ៕សរន