ដោយៈ ប​.​ខុន / ភ្នំពេញៈ រដ្ឋបាល​ជលផល កាលពី​ថ្ងៃទី​១០ ខែសីហា បាន​ជូនដំណឹង ស្តីពី​ការ​ការដេញ​ថ្លៃឈ្នួល ដាយ​ត្រី លើក​ទី​២ សម្រាប់ធ្វើ​អាជីវកម្ម ក្នុង​រដូវ​នេសាទ ឆ្នាំ ២០២១-២០២២ និង ២០២២-២០២៣ នៅ​រាជធានី​ភ្នំពេញ ចំពោះ​គន្លង​ដាយ ចំនួន ៩ ដែល​គ្មាន​អ្នកដេញថ្លៃ កាលពី​លើក​ទី​១​។

​លិខិត​ដែល​ចុះហត្ថលេខា ដោយ​លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា ប្រធាន​រដ្ឋបាល​ជលផល កាលពី​ថ្ងៃទី​១០ ខែសីហា ដោយយោង​កំណត់ហេតុ​ប្រជុំ ថ្ងៃទី​៩ ខែសីហា ស្តីពី​ការដេញ​ថ្លៃឈ្នួល ដាយ​ត្រី នៅ​រាជធានី​ភ្នំពេញ​។ រដ្ឋបាល ជលផល នឹង​រៀបចំ​ដេញថ្លៃ​ឈ្នួល ដាយ​ត្រី លើក​ទី​២ សម្រាប់ធ្វើ​អាជីវកម្ម ក្នុង​រដូវ នេសាទ ឆ្នាំ​២០២១-២០២២ និង​២០២២ -២០២៣ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៦ ខែសីហា នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង កាល​ពេល​កន្លងទៅ ថ្មីៗ​ថាៈ ការដេញ​ថ្លៃឈ្នួល ដាយ​ត្រី លើក​ទី​១ កាលពី ថ្ងៃទី​៩ សីហា មាន​អ្នកដាក់ពាក្យ ចំនួន ៣ នាក់ ដោយ​ជ្រើស​រើសយក គន្លង​ដាយ ចំនួន ៣ នៅសល់​គន្លង​ដាយ ចំនួន ៩ ត្រូវ​ប្រកាស​រក​អ្នក​ដេញ ថ្លៃ​លើក​ទី​២ ម្តងទៀត​។​

​ចំណែក​នៅឯ​ខេត្តកណ្តាល​វិញ ការដេញ​គន្លង​ដាយ​ត្រី ចំនួន ២១ លើក​ទី​១ កន្លងទៅ គ្មាន​អ្នកដេញថ្លៃ​ទេ​។ ឯ​ការដេញថ្លៃ​គន្លង​ដាយ​ត្រី និង​ដាយ​បង្កង​លើក​ទី​១ នៅ​ខេត្តព្រៃវែង មាន​អ្នកចូលរួម​ដេញថ្លៃ ត្រី​លេញ និង ដាយ​បង្កង ចំនួន ៧ នាក់ នៅសល់​គន្លង​ដាយ​ត្រី​លេញ ចំនួន​៤ និង ដាយ​បង្កង ចំនួន​៦ សម្រាប់​ការដេញថ្លៃ នៅ​ថ្ងៃទី​១៧ ខែសីហា នៅ​ខេត្តព្រៃវែង​៕/V​-PC