ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ មនុស្ស​ដែល​ដឹង​បញ្ហា​នេះ​បាន​និយាយថា លោកស្រី ចា​ណេត យែ​លឡិន​កំពុង​ថ្លឹងថ្លែង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​​ខាងមុខនេះ ដែល​នឹង​ក្លាយជា​ដំណើរ​លើក​ទី​មួយ​របស់​លោកស្រី​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួង​រតនា​គារ​អាម៉េរិក​ខណៈ​រដ្ឋ​បាល​បៃ​ដិន​ចូលរួម​ក្នុង​ការពិនិ​ត្យ​ឡើងវិញ​យ៉ាង​ទូលំ​ទូលាយ​អំពី​គោល​​នយោបាយ​ឆ្ពោះទៅរក​ប្រទេស​មហាអំណាច​អាស៊ី​មួយ​នេះ​និង​ពន្ធ​លើ​ទំនិញ​នាំចូល​ដែល​បានអនុម័ត​ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី​ដូណាល់ ត្រាំ​។​

​ប្រភព​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ព្រោះ​ការសន្ទនា​នេះ​មាន​លក្ខណៈ​ឯកជន យ៉ាង​ដូច្នេះ​ថា​ការពិភាក្សា​របស់​ក្រសួង​រតនាគារ​ស្តីពី​លទ្ធភាព​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​យែ​លឡិន​​គឺ​ស្ថិត​នៅក្នុង​ដំណាក់កាល​ដំបូង​ហើយ​គ្មាន​ការសម្រេចចិត្ត​ណាមួយ​ត្រូវបាន​ធ្វើឡើង​នៅឡើយ​ទេ ដោយ​ពិចារណា​លើ​កត្តា​ហានិភ័យ​នៃ​ការធ្វើដំណើរ ដែល​បង្ក​ដោយ​វីរុស​កូរ៉ូ​ណាបំ​ប្លែងខ្លួន Delta​។​

​ប្រសិនបើ​ដំណើរ​នេះ​កើតឡើង​មែន​នោះ លោកស្រី​ទំនងជា​នឹង​ជួប​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​លីវ ហឺ ដែល​គេ​ចាត់ទុក​ជា​មន្ត្រី​សេដ្ឋកិច្ច​កំពូល​របស់​ចិន​ហើយ​នឹង​ក្លាយ​ជា​មន្ត្រី​តែងតាំង​ឋានៈ​​ខ្ពង់ខ្ពស់​បំផុត​របស់​លោកបៃ​ដិនដែល​នឹង​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​នេះ​។​

​ឆ្លើយតប​ទៅនឹង​សំណើ​សុំ​ការបំភ្លឺ អ្នកនាំពាក្យ​ក្រសួង​រតនាគារ​លោកស្រី​លី​លី អាដាម បាន​និយាយថា​”​គ្មាន​ផែនការ​ណា​មួយ​សម្រាប់​រដ្ឋមន្ត្រី​យែ​លឡិន​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​នៅ​រដូវ​ស្លឹកឈើ​​ជ្រុះ​នោះទេ​”​។​

​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​យែ​លឡិន​នឹង​ក្លាយ​ជា​កិច្ចចរចា​សេដ្ឋកិច្ច​ទល់មុខ​គ្នា​លើក​ដំបូង​ជា​មួយ​ចិន​ក្រោម​រដ្ឋបាល​លោកបៃ​ដិន​បន្ទាប់​ពី​មន្ត្រី​ក្រសួងការបរទេស​អាម៉េរិ​កបាន​បើក​កិច្ច​​ប្រជុំ​ក្តៅគគុក​ក្នុងឱកាស​ពីរលើក​ផ្សេងគ្នា​។

​ការជួបជុំ​គ្នា​មួយ​នៅ​អា​ឡា​ស្កា​កាលពី​ខែ​មីនា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការឈ្លោះប្រកែក​គ្នា​និង​ការរើសអើង​អំពី​សិទ្ធិមនុស្ស ពាណិជ្ជកម្ម​និង​សម្ពន្ធភាព​អន្តរជាតិ​ខណៈ​មន្ត្រី​អាម៉េរិក​ដែល​ធ្វើ​​ទស្សនកិច្ច​នៅ​ទីក្រុង​ធៀន​ជីន​កាលពី​ខែ​មុន​បាន​ស្តាប់​សម​ភាគី​ចិន​និយាយ​ថា​សហរដ្ឋ​អាម៉េរិក​ត្រូវតែ​បញ្ឈប់​ការរិះគន់​ប្រព័ន្ធ​នយោបាយ​របស់​ចិន​និង​ទម្លាក់​ចោល​រាល់​ទណ្ឌកម្ម​និង​ពន្ធ​​ទាំងអស់​។​

​ប្រធានាធិបតី​ចូ បៃ​ដិនបាន​បង្ហាញ​ពី​ជំហរ​រឹងរូស​ចំពោះ​ចិន​រហូត​មកដល់ពេលនេះ​បើ​ទោះ​ជា​រដ្ឋបាលបៃដិ​ន​នៅ​កំពុង​ធ្វើការ​ដើម្បី​ពិនិត្យ​ឡើងវិញ​យ៉ាង​ទូលំ​ទូលាយ​ឱ្យ​រួចរាល់​អំពី​គោ​លន​​យោ​បាយ​របស់​អាម៉េរិក​ចំពោះ​ប្រទេស​នេះ​ក៏​ដោយ​៕

រដ្ឋមន្ត្រី​ក្រសួង​រតនា​គារ​អាម៉េរិក លោកស្រី ចា​ណេត យែ​លឡិន អាច​នឹង​ក្លាយ​ជា​មន្ត្រី​តែងតាំង​ឋានៈ​ខ្ពង់ខ្ពស់​បំផុត​របស់​លោកបៃ​ដិនដែល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​