ដោយៈ​សុផល​/​ភ្នំពេញ​៖​មូលនិធិ​អឹម​វី​អិ​ល(MVL Foundation)លីមីត​ធី​ត បានប្រកាស​ ជា​ផ្លូវការនូវ​ការ​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​សរុប ៥ លាន​ដុល្លារ​អាមេរិក ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​អប់រំ ក៏ដូចជា​បង្កើត​សាលាសប្បុរសធម៌​នៅ​កម្ពុជា​។​

ការប្រកាស​នេះ​បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​កាល​ពី​ថ្ងៃទី១១ខែសីហាឆ្នាំ២០២១រវាង ក្រសួង​អប់រំ យុវជន និង​កី​ទ្បា នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ជាមួយនឹង​មូលនិធិ​អឹម​វី​អិ​ល ជា​ផ្នែក​មួយ​នៅក្នុង​បុត្រ​សម្ព័ន្ធ​របស់ក្រុមហ៊ុន TADA ដែលជា​កម្មវិធី​ផ្តល់​សេវា​ដឹកជញ្ជូន​ទំនិញនិង​អ្នកដំណើរមិន​គិត​កម្រៃជើងសារពី​អ្នក​បើក​បរដ៏​ល្បីល្បាញ​មួយ​នៅ​ប្រទេស​កម្ពុជា​។​

​គោលបំណង​សំខាន់​នៃ​អនុស្សរណៈ​យោគយល់​នេះ គឺ​ដើម្បី​ជួយ​គាំទ្រ​ដល់​ការអប់រំ​ថ្នាក់​មូលដ្ឋានតាមរយៈ​ការកសាង​សាលាបឋមសិក្សាក៏ដូចជា​ការលើកស្ទួយ​ប្រព័ន្ធ​អប់រំ តាម​បែប​ឌីជីថល សម្រាប់​ឲ្យ​កុមារ​មាន​ភាពងាយស្រួល​ក្នុងការ សិក្សា​ពី​ចម្ងាយ បាន​រហ័ស​ជាង​មុន ព្រមទាំង​មាន​ប្រសិទ្ធិភាព ជាពិសេស​អំ​ទ្បុ​ង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​លោក ប​ណិ្ឌ​ត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ដឹកនាំ​ការចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​នេះ​បាន​មានប្រសាសន៍ថា​៖ “​យើង​ជឿជាក់ថា​យើង​អាច​ប្រែក្លាយ វិបត្តិ​នេះ ទៅជា​ឱកាស​ថ្មី​មួយ តាមរយៈ​ការបង្កើត​នូវ​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​ឌីជីថល ប៉ុន្តែ​យើង​ក៏ត្រូវ​ធ្វើការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ និង​គាំទ្រ​បន្ថែម​ជាមុនសិន ដើម្បីឱ្យ​សិស្ស​គ្រប់រូប​អាច​ទទួលបាន​ការសិក្សា​នេះ​។ ជាទូទៅ​សិស្ស​ដែល​រៀន​តាម​អន​ឡាញតែងតែមាន​កង្វះខាត​ជំនាញ​ក្នុង​ការសិក្សា​ដោយ​ឯក​រាជ្យ ដូច្នេះ​យើង​ត្រូវ​ធ្វើយ៉ាងណា​យកចិត្តទុកដាក់ ក្នុងការ​ពង្រឹងនិង​បំពាក់បំប៉ន​ពួកគេ​ឲ្យ​មាន​ឯករាជ្យភាព​ក្នុងការ​សិក្សា​។ រហូតមកទល់​ពេលនេះ​មានតែ​សិស្សានុសិស្ស ប្រមា​ណ ៥០ ទៅ ៦០​ភាគរយ​ប៉ុណ្ណោះ ដែល​អាច​ប្រើប្រាស់​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​បាន​។ ដូច្នេះ​យើង​ពិតជា​រីករាយ ចំពោះ​គំនិត​ផ្តួចផ្តើម​របស់ MVL ដែលមាន​បំណង​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ផ្តល់​ការបណ្តុះបណ្តាលនិង​បង្កើត​មាតិកា​ក៏ដូចជា​កម្មវិធី​សិក្សា​​តាមបែប​ឌីជីថល ដើម្បី​ឲ្យ​វិស័យ​អប់រំ​របស់​កុមារ អាច​បន្ត​ទៅមុខ​បានល្អ​ក្នុង​អំ​ទ្បុ​ង ពេល​វិបត្តិ​កូ​វីដ​១៩ និង​ក្រោយ​ពេលនេះ​ក្តី​។​”

​បន្ថែម​ពីលើ​ការកសាង​សាលារៀន​ថ្មី MVL ក៏​ផ្តោតទៅលើ​ការកែលម្អ​សាលា ដែលមាន​ស្រាប់ ឲ្យ​កាន់តែ​ប្រសើរ​ជាងមុន​តាមរយៈ​ការកែលម្អ​ថ្នាក់រៀនការបន្ថែម​បន្ទប់​ពិសោ​ធ​ន៍ បង្គន់​អនាម័យ ប្រព័ន្ធ​ទឹកស្អាត ការបំពាក់​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត និង​សម្ភារៈ​សិក្សា​ចាំបាច់​ផ្សេងៗ​ទៀត​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​គម្រោង​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដំបូង​គេ ពី​ពាក់កណ្តាល​ឆ្នាំ ២០២១ នេះ​តទៅ​។ MVL រួមជាមួយ​ក្រុមការងា​រ TADA នៅ​ប្រទេស​កម្ពុជា នឹង​ទទួល​បន្ទុក​ការងារ​ក្នុងការ​ជ្រើសរើស​ទីតាំង​សាលារៀន ការសាងសង់ និង​ការផ្តល់​ការងារ​ដល់​បុគ្គលិក​ផ្នែក​អប់រំ​ដូចជា​គ្រូបង្រៀន​ជាដើម​។​

​លោក Kay Woo នាយក​ប្រតិបត្តិ​ក្រុមហ៊ុន MVL បាន​មានប្រសាសន៍ថា​៖ “​យើង​មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា គឺ​មិនមែន​តែ​ដើម្បី​រកស៊ី​ប៉ុណ្ណោះ​ទេ​។ តាំងពី​ចាប់ផ្តើម​មក យើង​តែងតែ​ប្តេជ្ញា​ក្នុងការ​គាំទ្រ ដល់​ជីវភាព​រស់នៅ របស់​អ្នកបើកបរ រួមទាំង​ក្រុមគ្រួសារ​របស់​ពួកគាត់ ក៏ដូចជា​ប្រជាជន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។តាមរយៈផលប៉ះ​ពាល់​នៃ​​ជំងឺ​កូ​វីដ​១៩នាពេល​បច្ចុប្បន្នធ្វើ​ឲ្យ​យើង​មើលឃើញ​កាន់តែខ្លាំងនិង​បន្ទាន់​នូវ​តម្រូវ​ការ ក្នុងការ​ចូលរួម អភិវឌ្ឍ​កម្ពុជាជាពិសេស​ក្នុង​វិស័យ​អប់រំ តាមរយៈ​ការបង្កើត​កម្មវិធី​សិក្សា​​បែប​ឌីជីថល​ឲ្យ​បាន​ត្រឹមត្រូវ និង​ការកសាង ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​កាន់តែ​ល្អ​។ យើង​ជឿ​ជាក់ថា​យើង​មិន​ត្រឹមតែ​អាចជួយ​កាត់បន្ថយ ការលំបាក​ដែល​ប្រព័ន្ធ​អប់រំ​កំពុង ជួបប្រទះ នាពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ តែ​ក៏​អាចបង្កើត​មូលដ្ឋានគ្រឹះ​ឲ្យ​កាន់តែ​រឹងមាំ ដល់​ការអប់រំ​របស់​កុមារ​នៅ​កម្ពុជា នាពេល​អនាគត​។​”

​ប​ច្ច​ប្បន្ន​នេះ MVL កំពុងតែ​ទទួលបាន​ភាពជោគជ័យ​យ៉ាងខ្លាំង ក្នុងការ​បង្កើត​កម្មវិធី​កក់​ការធ្វើដំណើរ និង​ដឹកជញ្ជូន តាម​ទូរស័ព្ទដៃ នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដោយមាន​អ្នកប្រើ​ប្រាស់​សរុប​ចំនួន ១.១១ លាន​នាក់ ព្រមទាំង​មានការ​កក់​ប្រើប្រាស់​សរុប​រហូតដល់​ទៅ ៤.១៥ លាន​ដង​។ នៅ​ចុង​ឆ្នាំនេះ បន្ទាប់ពី​កសាង​ស្ថានីយ៍​សាក​អាគុយ និង​រោងចក្រ​តំឡើងយានតជំនិះ​អគ្គីសនី​រួចរាល់ នៅក្នុង​ប្រទេស​កម្ពុជា MVL ក៏​ត្រៀម​លក់​យានជំនិះ​អគ្គីសនី (EV) ទៅកាន់​ទីផ្សារ​ក្នុងស្រុកតាមរយៈ​ក្រុមហ៊ុន​ថ្មី​មួយដែលមាន​ឈ្មោះថា Onion Mobility៕Ph