ដោយៈសុផល/ភ្នំពេញ: លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួង សាធារណការ និងដឹកជញ្ជូនកាលពី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១បានជួបពិភាក្សាការងារតាមរយៈប្រព័ន្ធអនឡាញ (Microsoft Team) ជាមួយ ឧកញ៉ា ស៊ីន ចន្ទី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថាន និង អនុប្រធាន និងសហការី នៃសមាគមភស្តុភារកម្មកម្ពុជាផង។
គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីសិក្សាស្វែងយល់ពីគ្នា សំដៅស្វែងរកកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និង សមាគមភស្តុភារកម្មកម្ពុជា ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សលើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម រួមគ្នាបង្កើតកម្មវិធីផ្សព្វផ្សាយ និងបង្កើនការយល់ដឹង ឱ្យបានទូលំទូលាយអំពីវិស័យភស្តុភារកម្ម ឱកាសការងារ សក្តានុពល និងសារៈសំខាន់របស់វិស័យនេះ ដល់សាធារណជន និងសិស្ស-និស្សិត។
ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែនសាធារណការ និងដឹកជញ្ជូន បានធ្វើបទបង្ហាញដោយសង្ខេបអំពីសាវតា ចក្ខុវិស័យ និងបេសកកម្មរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានសីលធម៌ អត្តចរិត ចរិយាសម្បត្តិត្រឹមត្រូវ និងមានសក្តានុពលខ្ពស់ឆ្លើយតប តម្រូវការក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម នាពេលបច្ចុប្បន្ន និងនាពេលអនាគត សំដៅចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
លោកនាយក បានបន្តទៀតថា វិទ្យាស្ថានតេជោសែន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានតាំងចិត្តយ៉ាងមុតមាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងជំនឿជឿជាក់ ក្នុងការធ្វើឱ្យវិទ្យាស្ថានមិនត្រឹមតែផ្ដល់ការបណ្តុះបណ្តាល ប្រកបដោយគុណភាព ចំណេះជំនាញ និងសីលធម៌ដល់កូនខ្មែរប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យវិទ្យាស្ថានក្លាយជាស្ថាប័នបណ្ដុះបណ្ដាល ជំនាញដ៏ល្បីល្បាញមួយផងដែរ។
បច្ចុប្បន្ន វិទ្យាស្ថានបាននឹងកំពុងបណ្ដុះបណ្ដាលដល់និស្សិតទាំងជំនាញបច្ចេកទេស ភាសាអង់គ្លេស និងជំនាញផ្នែកទន់ផ្សេងៗ ដើម្បីធានាថានិស្សិតរបស់វិទ្យាស្ថានមានសមត្ថភាព ជំនាញបច្ចេកទេសច្បាស់លាស់ ចំណេះដឹងទូលាទំលាយ ទំនាក់ទំនងល្អ និងសីលធម៌វិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ វិទ្យាស្ថានតេជោសែន ក៏បានធ្វើ កិច្ចសហប្រតិ បត្តិការជាមួយនឹងគ្រឹះស្ថានអប់រំ-ស្ថាប័នជាដៃគូមួយចំនួន ទាំងនៅក្នុង និងក្រៅ ប្រទេស និងក្រុមហ៊ុនឯកជន ដើម្បីជួយគាំទ្រដល់ការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធាននិស្សិត។
ឧកញ៉ា ស៊ីន ចន្ទី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្ស រីករាយក្រៃលែង និងកោតសរសើរចំពោះការប្ដេជ្ញាចិត្តដ៏មោះមុត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា ថ្នាក់ដឹកនាំវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងកសាងធនធានមនុស្សក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម។
លោកឧកញ៉ាប្រធានសមាគម ក៏បានថ្លែងជម្រាបជូនអង្គប្រជុំថា សមាគមត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ដោយមានឈ្មោះដើមថា សមាគមភ្នាក់ងារបញ្ចូនទំនិញកម្ពុជា (CAMFFA) និងបានប្តូរឈ្មោះទៅជា សមាគមភស្តុភារកម្មកម្ពុជា (CLA) នៅក្នុងឆ្នាំ២០២០។ បេសកកម្មមួយ ក្នុងចំណោមបេសកកម្មទាំងឡាយរបស់សមាគម គឺធ្វើការ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពសមាជិកអំពីការដឹកជញ្ជូន និងភស្តុភារកម្ម ក្រោមកិច្ចជ្រោមជ្រែង ពីដៃគូនានា ដូចជា៖ UNESCAP និង GIZ ជាដើម ក្នុងការបណ្តុះបណ្តាលខ្លីជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ។ សមាគមក៏តែងទទួលបានកិច្ចសហប្រតិបត្តិការល្អ និងគាំទ្រជាច្រើន ជាពិសេស ពីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
ក្រោយពីបានសំណេះសំណាល និងស្វែងយល់អំពីគ្នាទៅវិញទៅមកលោកនាយកវិទ្យាស្ថាន និង ឧកញ៉ាប្រធានសមាគម បានឯកភាពគ្នាជាគោលការណ៍ ក្នុងការរួមគ្នាកសាងធនធានមនុស្ស ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ការលើកកម្ពស់ការយល់ដឹងដល់សាធារណជន សិស្ស-និស្សិត អំពី សក្តានុពល តួនាទីភារកិច្ច និងសារៈសំខាន់របស់វិស័យនេះក្នុងការចូលរួមជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា និងការផ្តល់ឱកាសកម្មសិក្សា ការអនុវត្តជាក់ស្ដែង និងឱកាសការងារដល់និស្សិតក្រោយបញ្ចប់ការសិក្សា ជាដើម៕សរន-PC