ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃនេះបាន អះអាងថា ផ្លែមៀនប៉ៃលិន បានចាប់ផ្តើមប្រមូលផលពីខែសីហា ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាម អនាម័យ ជាកត្តាធ្វើឲ្យមានបញ្ហាប្រឈមមិនទាន់អាចធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន ពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូលមៀនប៉ៃលិនតាមច្រកព្រំដែន។
ប្រភពដដែលបានបន្តថា ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឱ្យសមត្ថកិច្ចភូកគាមអនាម័យ កម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារ ជាមួយសមត្ថកិច្ចភូតគាមអនាម័យជាមួយនឹងប្រទេសនាំចូល តាមរយៈការស្នើ សុំវាយតម្លៃហានិភ័យសមាសភាពចង្រៃ ពាក់ព័ន្ធនឹងការនាំចូលផ្លែមៀនប៉ៃលិននេះ។ ជាក់ស្តែង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើចរចាបើកទីផ្សារ សម្រាប់ផ្លែមៀនស្រស់ទៅកាន់ ប្រទេសចិន និងប្រទេសថៃ រួចហើយ។
ប្រភពដដែលបានបន្តថា សម្រាប់ការចរចាជាមួយប្រទេសថៃ អគ្គនាយកដ្ឋាន កសិកម្មជាសេនាធិការបច្ចេកទេស បានផ្ញើលិខិតចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៩ ដើម្បីស្នើសុំបើកទីផ្សារនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសថៃ ប៉ុន្តែរហូតមក ដល់ពេល នេះ ការចរចាមិនទាន់សម្រេចបានលទ្ធផលឯកភាពគ្នាស្តីពីលក្ខខណ្ឌ តម្រូវភូតគាមអនាម័យសម្រាប់ការនាំចូលផ្លែមៀន ទៅក្នុងប្រទេសថៃនៅឡើយទេ ហើយភាគីថៃក៏ពុំទាន់បានឆ្លើយតបជាផ្លូវការណាមួយដែរ ទោះបីជាភាគីកម្ពុជាបាន ទាក់ទងជំរុញការងារនេះជាច្រើនដងរួចហើយក៏ដោយ។
ប្រភពដដែលបានបន្តថា រីឯការចរចាជាមួយប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម ក៏បានផ្ញើលិខិតចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដោយភ្ជាប់ជាមួយនូវឯកសារ បច្ចេកទេសសម្រាប់ភាគីចិនធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ ដើម្បីស្នើសុំ បើកទីផ្សារនាំចេញ ផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។
ប្រភពដដែលបានបន្តថា ក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអន្តរាគមន៍ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីពន្លឿន ការចរចាស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេស ចិនដែរ ប៉ុន្ដែការចរចាមិនទាន់សម្រេចបានលទ្ធផលឯកភាពគ្នា នៅឡើយ ដោយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កំពុងធ្វើការ វិភាគហានិភ័យសមាសភាពចង្រៃស្របតាមវិធានបច្ចេកទេស និងបទដ្ឋានគតិយុត្ត របស់ប្រទេសចិនដែលរហូតមកដល់ពេលនេះពុំទាន់បានទទួលការឆ្លើយតបជាផ្លូវការ ពាក់ព័ន្ធនឹងការងារបច្ចេកទេសនៅឡើយទេ។
ក្នុងគោលបំណងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារផលិតផលមៀនប៉ៃលិន ដែលកំពុងជាប់ របាំងភូតគាមអនាម័យ និងបញ្ហាប្រឈមនានាបង្កឡើងដោយការឆ្លង រាតត្បាតនៃជំងឺកូវីដ១៩ ក្រសួងកសិកម្ម សូមធ្វើការអំពាវនាវដូចខាងក្រោម៖
• អ្នកនាំចេញគួរបង្វែរទិសដៅពីប្រទេសថៃទៅប្រទេសវៀតណាមវិញ ពីព្រោះកម្ពុជា ចរចារអំពីបញ្ហា ផ្លែមៀននេះរួចហើយតាមរយៈការសម្រេចបាននូវការឯកភាពគ្នាលើ លក្ខខណ្ឌតម្រូវភូតគាមអនាម័យ។
ក្រសួងកសិកម្មក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋគួររួមគ្នាគាំទ្រផលិតផលខ្មែរ ក្រោមរូបភាពខ្មែរជួយខ្មែរ ដោយជួយទិញផ្លែមៀនរបស់ ប្រជាកសិករយើង ពិសេសសហគមន៍កសិកម្មមៀនប៉ៃលិននៅក្នុងកាលៈទេសៈដ៏លំបាកនេះ។
ក្រសួងក៏បានជំរុញឲ្យម្ចាស់ទីតាំងផ្សារទំនើប ក្រុមហ៊ុនឬសិប្បកម្មកែច្នៃកសិផល ក្នុងស្រុក គួរនាំគ្នាជួយប្រមូលទិញផ្លែមៀនប៉ៃលិន មកលក់ចែកចាយឬធ្វើការកែច្នៃ សម្រាប់បម្រើដល់ការហូបចុកក្នុងស្រុកជំនួសឱ្យការនាំចូលនូវផ្លែមៀនកំប៉ុង ពីក្រៅប្រទេសវិញ៕/PC