​ដោយៈ​សុផល​/​ភ្នំពេញៈ កម្ពុជា និង​ជប៉ុន​ពិភាក្សាគ្នា​លើ​ការជំរុញ​វិស័យ​ក​សិ​ទេសចរណ៍ និង​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​ទេសចរណ៍ ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ។​

​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ លោក ថោង រដ្ឋ​ស​ក្កិ អគ្គនាយក នៃ​អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​លោក OKADA Naoya លេខា​ទី​២ ទទួលបន្ទុក​វិស័យ​កសិកម្ម នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Nabeshima Katsuhito ស្ថាបនិក​ក្រុមហ៊ុន Yamato Green ដើម្បី​ពិភាក្សា​លើ​ការរៀបចំ​គម្រោង​ក​សិ​-​ទេសចរណ៍​នានា ក្នុង​គោលបំណង​ជំរុញ​ការស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការជំរុញ​បង្កើត​ផលិតផល​ក​សិ​-​ទេសចរណ៍​ថ្មីៗ ការជំរុញ​អភិវឌ្ឍន៍​ខ្សែក្រវាត់​បៃតង (Green Belt) និង​ជំរុញ​តម្លៃបន្ថែម​ក្នុង​វិស័យ​ទេសចរណ៍ (Value added)​។​

​សូម​ជម្រាប​ផងដែរ​ថា កន្លងមក ក្រសួងទេសចរណ៍​បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន YAMATO Green កាលពី​ខែកញ្ញា ឆ្នាំ​២០២០ ដោយមាន​គោលបំណង​ជំរុញ​ការអភិវឌ្ឍន៍​ខ្សែក្រវាត់​បៃតង ដោយ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​ទេសចរណ៍ ក​សិ​-​ទេសចរណ៍ ទេសចរណ៍ធម្មជាតិ និង​សហគមន៍​ទេសចរណ៍​/​អេកូ​ទេសចរណ៍​នៅ​កម្ពុជា​។​

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ ក្រសួងទេសចរណ៍​បាន និង​កំពុង​រៀបចំ​គម្រោង​សាកល្បង​កិ​ស​-​ទេសចរណ៍ និង​ការដាំដុះ​ទំនើប (Green House) នៅ​ស្រុក​បារាយ៍​ខេត្តកំពង់ធំ ដើម្បី​សិក្សា​និង​រៀបចំ​ជា​បណ្តើរៗ​នូវ​ការវិវត្តន៍​នៃ​វិស័យ​កិ​ស​-​ទេសចរណ៍​តាមរយៈ​ការដាំដុះ​បន្លែ​/​ផ្លែឈើ​ធម្មជាតិ​សុវត្ថិភាព​តាមបែប​ទំនើប សំដៅ​បំផុសគំនិត និង​សម្រួល​ដល់​ជីវភាព​ប្រជាជន​មូលដ្ឋាន និង​បាន​កំពុង​ភ្ជាប់​គម្រោង​ដាំ​ដុះ​បន្លែ​/​ផ្លែឈើ​ធម្មជាតិ​សុវត្ថិភាព​តាមបែប​ទំនើប​របស់​ក្រុមហ៊ុន YAMATO Green ជាមួយ​វិនិយោគិន​ដែលជា​សមាជិក​នៃ​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ផងដែរ​៕​