កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ពាក់ព័ន្ធការប្រើប្រាស់ និងជួញដូរគ្រឿងញៀន
ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ចំនួន ៣ នាក់ និងរឹបអូសកាំភ្លើងកែច្នែ រួមទាំងកាំបិទ ជាច្រើនដើម រួចបញ្ជូនទៅ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត នៅរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានអោយដឹងថាៈ ជាការទទួលខុសត្រូវ ចំពោះភារកិច្ច និងអនុវត្តបទបញ្ជាលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កម្លាំងជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលនិមិត្ត រួមទាំងមន្ត្រីអាជ្ញាធរសង្កាត់ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន មួយករណី ដោយបានឃាត់ខ្លួនជនសង្ស័យ បានចំនួន ៣ នាក់។
ជនសង្ស័យទាំង ៣ នាក់នោះ រួមមាន៖ ១.ឈ្មោះ ភិន ចាន់រ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ , ២.ឈ្មោះ ហ៊ាង សុខហឿន ភេទប្រុស អាយុ៣៦ ឆ្នាំ។ តាមចម្លើយសារភាពជនសង្ស័យ ទាំង ២ នាក់នេះ សមត្ថកិច្ច បានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហេង ចំណង់ ហៅ អេវ ភេទប្រុស អាយុ២៧ឆ្នាំ ។ ជនសង្ស័យ ទាំងបីនាក់ មានទីលំនៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ច បានដកហូតវត្ថុតាង រូមមាន ម្សៅក្រាម ពណ៌សថ្លា (សង្ស័យសារធាតុញៀន) ចំនួន ៦ កូនថង់តូច, បំពង់កែវ១, បំពង់ចូកគ្រឿងញៀន ចំនួន១ កាំភ្លើងកែឆ្នៃប៊ិច១, គ្រាប់២គ្រាប់ (គ្រាប់ AK ១គ្រាប់) កាំបិត ៤ ដើម, ម្សៅម៉ត់ ស លាយជាមួយ កំទេចថ្នាំ ពណ៌ផ្កាឈូក ១ កូនថង់តូច, ដងកាំភ្លើងស្នប់កែច្នៃ ៣ ដើម, សំបកថង់មួយចំនួន និងទូរស័ព្ទ ១ គ្រឿង។
ជនសង្ស័យខាងលើនេះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅចំណុចខ្ទម ១ កន្លែង ស្ថិតក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីឃាត់ខ្លួន បានយកទៅធ្វើសំណាកបឋម ស្វែងរកជម្ងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត (ដីថ្មី)លទ្ធផលអវិជ្ជមាន (-) ក៏បន្តនាំខ្លួន មកផ្នែកជំនាញ ធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោម ឃើញវិជ្ជមាន (+) ក៏កសាងសំណុំរឿង បញ្ជូនទៅ ការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការបន្ត៕/V