ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១៣ខែសីហា នេះថា ការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូចដែលបង្ហាញអំពីការព្រួយបារម្ភចំពោះការបង្កើតគណៈកម្មការតាមដានវាយតម្លៃនិងលើកសរសើរការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលក្រសួងព័ត៌មានទើបតែបង្កើតឡើងកាលពីពេលថ្មីៗនេះ គឺជាការព្រួយបារម្ភដែលមិនបានយល់ច្បាស់និងគ្រប់ជ្រុងជ្រោយអំពីតួនាទីភារកិច្ចរបស់គណៈកម្មការដែលបង្កើតឡើងនេះ។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន(រូបថតឯកសារ)
លោកបានពន្យល់ថា ការព្រួយបារម្ភនេះគឺគ្រាន់តែមានចេតនានៅក្នុងការញុះញង់ទៅដល់អ្នកប្រកបវិជ្ជាជីវៈព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនឲ្យអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវទៅតាមក្រមសីលធម៌វិជ្ជាជីវៈដែលមានចែងនៅក្នុងច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និងហាក់ដូចជាមានចេតនាចង់លើកតឹកចិត្តឲ្យអ្នកសារព័ត៌មានបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយខ្វះក្រមសីលធម៌ទៅវិញ។
លោកបានបញ្ជាក់ថា គណៈកម្មការតាមដាន វាយតម្លៃនិងលើកសរសើរការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានបង្កើតឡើងក្នុងគោលបំណងដើម្បីលើកស្ទួយនូវកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មានព្រមទាំងតម្រង់ទិសដល់អ្នកសារព័ត៌មានក៏ដូចជាអង្គភាពសារព័ត៌មានឲ្យអនុវត្តតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវទៅតាមក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។មិនមែនបង្កើតឡើងដើម្បីយកអ្នកសារព័ត៌មានជាគោលដៅដើម្បីធ្វើការតាមដានបំភិតបំភ័យដាក់សំពាធ ឬបំបិទសិទ្ធិសរីភាពខាងសារព័ត៌មាននោះទេ។
អ្នកនាំពាក្យបានបន្ថែមថាដោយឈរលើស្មារតីលើកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មានការការពារផលប្រយោជន៍ ចំពោះអ្នកសារព័ត៌មាន ទើបក្រសួងព័ត៌មានបង្កើតគណៈកម្មការនេះឡើង ដោយឲ្យមានការចូលរួមពីសហព័ន្ធ សមាគម និង ក្លិបសារព័ត៌មានមួយចំនួនចូលរួមនៅក្នុងគណៈកម្មការនេះដើម្បីផ្តល់មតិយោបល់ក្នុងការវាយតម្លៃទៅលើការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកការអនុវត្តវិធានការការវាយតម្លៃ ផ្សេងៗពាក់ព័ន្ធទៅនឹងការប្រកបវិជ្ជាជីវៈសារព័ត៌មានគឺជាសិទ្ធិផ្តាច់មុខរបស់ក្រសួងព័ត៌មានប៉ុន្តែដោយឈរលើស្មារតីនៃការលើកម្ពស់សិទ្ធិសរីភាពខាងសារព័ត៌មានក៏ដូចជាគិតផលប្រយោជន៍ដល់អ្នកសារព័ត៌មានទើបក្រសួងព័ត៌មានបង្កើតនូវគណៈកម្មការនេះឡើងដើម្បីឲ្យមានការចូលរួមពីសមាសភាពតំណាងសហព័ន្ធ សមាគម ក៏ដូចជាក្លិបសារព័ត៌មានចូលរួម ពិនិត្យនិងវាយតម្លៃទៅលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈនេះ។
លោក សុភ័ណ្ឌ បញ្ជាក់ថា ដូច្នេះតាមរយៈយន្តការនេះយើងមិនអាចចាត់ទុកថាជាយន្តការដែលបង្កើតឡើងដើម្បីដាក់សម្ពាធបំភិតបំភ័យឬតាមដានអ្នកសារព័ត៌មានដូចជាការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូចនោះទេ៕សរន