ដោយៈ រ៉ាម៉ន / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នេះ បានសម្រេច បិទខ្ទប់ កំណាត់ផ្លូវលេខ ៣៥ នៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលឆ្លងរាលដាល វីរុសកូវីដ១៩ បំប្លែងថ្មី Delta។
សេចក្តីសម្រេចរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថាៈ «ត្រូវបានការបិទខ្ទប់ មិនឱ្យមានការចេញ-ចូល ចំពោះកំណាត់ផ្លូវលេខ ៣៥ ក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ ដែលមានការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ដល់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍»។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថាៈ ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់ រាល់ការចេញ-ចូល និងរាល់ការជួបជុំឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើ លើកលែងតែករណីចំបាច់ ដូចខាងក្រោម ៖
ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទាន់។
ការចេញ-ចូល ដើម្បីផ្តល់វត្ថុសំណាក ធ្វើតេស្តរកជំងឺកូវីដ-១៩ តាមការណែនាំ របស់អាជ្ញាធរមូលដ្ឋាន។
ការវិលត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គល ដែលបានបញ្ចប់ការធ្វើបត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល ចូលក្នុងទីតាំងបិទខ្ទប់ ដោយមានការសម្រប សម្រួល របស់អាជ្ញាធរមានសមត្ថកិច្ច។
ការចេញ-ចូល និងការជួបជុំរបស់ បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការ សុខាភិបាល ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាល នូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។
ការចេញ-ចូល និងការជួបជុំរបស់ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គត់គ្រឿង ឧបភោគ-បរិភោគ ចាំបាច់ ក្នុងអំឡុងពេលបិទខ្ទប់។
ការចេញ-ចូល និងការជួបជុំរបស់ អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ។
សេចក្តីសម្រេចដដែល បានបញ្ជាក់ថាៈ រាល់ការចេញ-ចូល និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ដែលត្រូវបានលើកលែង ខាងលើនេះ ត្រូវអនុវត្ត វិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ និងត្រូវអនុវត្ត តាមការណែនាំរបស់ ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ច ជូនរដ្ឋបាលខណ្ឌមានជ័យ ដើម្បីបង្កើត ក្រុមការងារប្រចាំការ នៅទីតាំង ដែលត្រូវបិទខ្ទប់ ក្នុងនោះ ក្រៅពីភារកិច្ចអនុវត្ត វិធានការរដ្ឋបាល ក្នុងការបិទខ្ទប់ ត្រូវបំពេញការងារ អាទិភាព ជាអាទិ៍៖ ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
ការងារផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភោគចាំបាច់ ជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត ក្នុងទីតាំងបិទខ្ទប់។
ការងារទាក់ទងនឹងការអនុវត្ត វិធានការសុខាភិបាល និងការផ្តល់សេវា សុខាភិបាលទូទៅ៕/V