ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ ថ្នាក់ដឹកនាំក្រុមហ៊ុន Samsung Group ត្រូវបានលើកលែងទោសឱ្យមានសេរីភាពនៅថ្ងៃសុក្រនេះដែលជាឧទាហរណ៍ចុងក្រោយបំផុតនៃប្រពៃណីដោះលែងមេដឹកនាំធុរកិច្ចដែលជាប់ពន្ធនាគារដោយសារអំពើពុករលួយឬការគេចពន្ធដោយយោងលើហេតុផលសេដ្ឋកិច្ច។
លោក លី ជេយ៉ុង ជាអ្នកមានបំផុតទី ២០២ នៅលើពិភពលោកយោងតាមទស្សនាវដ្តី Forbes ជាមួយទ្រព្យសម្បត្តិសរុបចំនួន ១១,៤ ពាន់លានដុល្លារ។លោកបានបំពេញការជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះពីបទសូកប៉ាន់ កេងបន្លំ និងបទល្មើសផ្សេងទៀតទាក់ទងនឹងរឿងអាស្រូវពុករលួយ ដែលបានទាញ់ទម្លាក់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក គុនហេឱ្យធ្លាក់ពីតំណែង។
ប៉ុន្តែការអំពាវនាវឱ្យដោះលែងរូបលោកឱ្យបានឆាប់ពីសំណាក់ក្រុមអ្នកនយោបាយនិងក្រុមមេដឹកនាំជំនួញបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះជុំវិញអ្វីដែលពួកគេអះអាងថាជាកង្វះការដឹកនាំនៅក្នុងក្រុមហ៊ុនធំបំផុតរបស់កូរ៉េខាងត្បូង។
ក្រសួងយុត្តិធម៌បានប្រកាសកាលពីថ្ងៃចន្ទថា គាត់ត្រូវបានលើកលែងទោសក្នុងចំណោមអ្នកទោសប្រហែល ៨០០ នាក់ដោយលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់នៃជំងឺរាតត្បាតមកលើសេដ្ឋកិច្ច។
លោកលីអាយុ ៥៣ ឆ្នាំបានឱនក្បាលគោរពដល់អ្នកយកព័ត៌មានដែលកំពុងរង់ចាំនៅខាងក្រៅមណ្ឌលឃុំឃាំងមួយនៅភាគខាងត្បូងទីក្រុងសេអ៊ូល ហើយប្រាប់ពួកគេថា”ខ្ញុំបានបង្កការព្រួយបារម្ភច្រើនដល់ប្រជាជន ខ្ញុំពិតជាសុំទោស”។
ដោយស្លៀកពាក់ឈុតខ្មៅ គាត់បានបន្ថែមថា “ខ្ញុំនឹងស្តាប់ដោយយកចិត្តទុកដាក់ចំពោះកង្វល់ ការរិះគន់ ការបារម្ភ និងការរំពឹងទុកខ្ពស់របស់អ្នកអំពីខ្ញុំ”មុនពេលគាត់ឡើងជិះឡានពណ៌ខ្មៅចេញទៅបាត់។
លោកលីដំបូងឡើយត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំកាលពីឆ្នាំ ២០១៧ បន្ទាប់ពីលោកស្រីប៉ាកត្រូវបានបណ្តេញចេញពីអំណាច ហើយនៅឆ្នាំបន្ទាប់គាត់បានដើរហើរដោយសេរី នៅពេលសាលាឧទ្ធរណ៍បានច្រានចោលការផ្តន្ទាទោសគាត់ពីបទសូកប៉ាន់ ហើយបានផ្តល់ការព្យួរទោសដល់គាត់។
ប៉ុន្តែក្រោយមកតុលាការកំពូលបានបញ្ជាឱ្យលោកលីប្រឈមមុខនឹងការកាត់ក្តីឡើងវិញ ដែលបានផ្តន្ទាទោសនិងដាក់គុកគាត់ម្តងទៀត។
ទោះយ៉ាងណា លោកលីនៅត្រូវឡើងសវនាការជំនុំជម្រះលើការចោទប្រកាន់ពីបទបន្លំភាគហ៊ុន ដែលបានដកហូតសិទ្ធិរបស់គាត់សឹងទាំងអស់ក្នុងការគ្រប់គ្រងក្រុមហ៊ុនគ្រួសារមួយនេះ៕
លោក លី ជេយ៉ុង ត្រូវបានលើកលែងទោសឱ្យមានសេរីភាពនៅថ្ងៃសុក្រនេះ