ដោ​យ: ​ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈស្ត្រី​ម្នាក់​ឈ្មោះ ​រឿង សី​នី អាយុ​៣៤​ឆ្នាំមាន​ស្រុកកំណើត​និង​លំនៅ​នៅ​ភូមិ​រពាក់ ឃុំ​ឈ្នួ​រ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ បាន​ស្លាប់​នៅ​ខាងត្បូង​ឈៀង​ខាងលិច​ភូមិ​សំរោង​តូច ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ បន្ទាប់ពី​ទៅ​ឃ្វាលគោ ហើយ​ត្រូវ​ខ្សែ​គោ​របស់ខ្លួន​រុំ​កដោយ​ចៃដន្យ ។​ហេតុការណ៍​អកុសល​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ​២០២១​។​

​លោក​វរសេនីយ៍ទោ ភ្លឹង វិចិត្រ អធិការរង​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹង​ថ្ងៃទី​១៣​ខែសីហា​ថា យោង​ការ បំភ្លឺ​ពីសា​ក្សី​ថា ស្ត្រី​(​សាកសព​)​មាន​ជំងឺ​ប្រចាំកាយ​។​ជា​មនុស្ស​ចាញ់​កំដៅថ្ងៃ ពេល​ត្រូវ​ថ្ងៃ​ម្ដងៗ ហត់ អស់កម្លាំង ហើយ ត្រូវការ​ចាក់ទឹក​ឱ្យ​ត្រជាក់​ខ្លួន​ទើប​បាត់​ហត់​។ ស្ត្រី​ឈ្មោះ ត្រេ​ត ភេទ​ស្រី រស់នៅ​ភូមិ​ប្ញ​ស្សី​ខាង ឃុំ​ឈ្នួ​រ​មានជ័យ​ស្រុក ព្រះនេត្រព្រះ​បាន​ប្រាប់ថា ខ្លួន​បាន​ដើរ​មកពី​បេះ​ត្រកួន​ក៏បាន​ឃើញ​ស្ត្រី​នេះ​ស្លាប់​បាត់ទៅហើយ​ទើប​រាយការណ៍​ប៉ុស្តិ៍​រដ្ឋបាល ឈ្នួ​រ​មាន​ជ​យ័ មក​ពិនិត្យ​។​

​លោក​ភ្លឹង វិចិត្រ បាន​បន្តថា កម្លាំង​បាន​ទៅដល់​កន្លែងកើតហេតុ​ហើយ​បាន​បង្កើត​គណៈកម្មការ​ដែលមាន​សមាសភាព ចម្រុះ​ធ្វើ​កោសល​វិ​ច្ច័​យស​ព ។​តាម​ការបញ្ជាក់​របស់​គ្រូពេទ្យ​បានបញ្ជាក់​ថា​ស្ត្រី​ឈ្មោះ រឿង សី​នី បាន​ស្លាប់​ដោយសារ​ខ្សែ​គោ​រុំ ក​មិន​ជាប់​ពាក់​ព​ន្ធ័​នឹង​អំពើ​ឃាតកម្ម​ទេពី​ព្រោះ​មេគោ​ទៅណា​មិន​រួច​ដោយសារ​ជាប់​ខ្សែ នឹង​សាកសព ។​សព​ត្រូវបាន​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ហើយ​លទ្ធផល​អវិជ្ជមាន ៕​សរន​-PC