​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ប៉ូលិស​ថៃ​កាលពី​ថ្ងៃ​សុក្រ​បាន​ប៉ះទង្គិច​ជាមួយ​បាតុករ​ក្រោយពី​មនុស្ស​រាប់រយ​នាក់​ផ្គើន​នឹង​បំរាម​ជួបជុំ​នៅ​ក្រុង​បាងកក នៅ​ពេល​ពួកគេ​ព្យាយាម​ដើរ​ដង្ហែ​ទៅ​​កាន់​និវេសដ្ឋាន​របស់​នាយ​ករដ្ឋមន្ត្រី ដើម្បី​ទាមទារ​អោយ​លោក​ចុះចេញ​ពី​តំណែង​ដោយសារតែ​វិបត្តិកូ​វីដ​១៩​ដ៏​អាក្រក់​។​

​ក្នុង​ការប្រឈមមុខ​ដល់​ថ្ងៃទី​៣​នៅ​សប្តាហ៍​នេះ ប៉ូលិស​បាន​បាញ់​គ្រាប់​បែកផ្សែង​និង​គ្រាប់កាំភ្លើង​ជ័រ​ក្នុង​ការឆ្លើយតប​ទៅ​ពួក​បាតុករ​ដែល​ព្យាយាម​ទាញ​ទម្លាក់​កុងតេ​នឺ​ទំនិញ​ដែល​ប៉ូលិស​ប្រើ​​សំរាប់​បិទ​ខ្ទប់​ផ្លូវ​។​

​ពួក​សកម្មជន​មកពី​ក្រុមយុវជន Thalufah​បាន​ប្តេជ្ញា​ធ្វើការ​តវ៉ា​ទាមទារ​ដោយ​អហិង្សា​ក្រោយ​បាតុកម្ម​២​លើក​មុន​នៅ​សប្តាហ៍​នេះ​បាន​បញ្ចប់​ត្រឹម​ប៉ូលិស​បាញ់​គ្រាប់​បែកផ្សែង​និង​កាំភ្លើង​​គ្រាប់​ជ័រ​ដើម្បី​បំបែក​ពួកគេ​។​ដោយ​បន្ទោស​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ថា​គ្រប់គ្រង​វិបត្តិកូ​វីដ​១៩​ខុស ពួក​គេ​ស្រែក​ថា «​ប្រា​យុទ្ធ ចុះចេញ​!»​។​

​សកម្មជន​ម្នាក់​បាន​និយាយថា​«​ការ​ដែល​រដ្ឋាភិបាល​គ្រប់គ្រង​ចាត់ចែង​វិបត្តិកូ​វីដ​១៩​ខុស​បាន​បង្ក​អោយ​ប្រជាជន​ស្លាប់​។​ថ្ងៃនេះ យើង​ចេញមក​បណ្តេញ​លោក​ប្រា​យុទ្ធ​»​។​ទោះជា​យ៉ាងណា​អាជ្ញា​​ធរ​បាន​ព្រមាន​ថា ការជួបជុំ​តវ៉ា​ណា​មួយ​វា​រំលោភ​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩ និង​ថា​ខ្លួន​នៅតែ​បន្ត​ចោទប្រកាន់​មនុស្ស​រាប់រយ​នាក់​ដែល​បាន​ចូលរួម​បាតុកម្ម​កាលពីពេល​ថ្មីៗ​។​

​មេ​ប៉ូលិស​ក្រុង​បាងកក​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា «​ប៉ូលិស​ចង់​រក្សា​ភាពស្ងប់ស្ងាត់​។​អ្នកចូលរួម​បាតុកម្ម​នេះ​ប្រឈម​ការឆ្លង​រោគ និង​រំលោភច្បាប់​ផ្សេងៗ​ផងដែរ​»៕

                                              ​

​ប៉ូលិស​បាញ់​គ្រាប់​បែកផ្សែង​និង​កាំភ្លើង​គ្រាប់​ជ័រ​ជា​ការឆ្លើយតប​នឹង​ពួក​បាតុករ​ដែល​ប្រើ​អំពើហិង្សា​និង​ទម្លាយ​របាំង​ប៉ូលិស​