ដោយៈ សរិទ្ធ / ភ្នំពេញៈ មនុស្សចំនួន ៦៥ នាក់ទៀត ត្រូវបានក្រសួងសុខាភិបាល រាយការណ៍ កាលពីថ្ងៃទី១៣ សីហាថា បានឆ្លងកូវីដ ១៩ បំប្លែងថ្មី ប្រភេទ ដែលតា។ តាមអត្តសញ្ញាណជនរងគ្រោះ ក៏មានបុគ្គលិកសុខាភិបាល ៥ នាក់ ដែលតេស្តមានវិជ្ជមានកូវីដ ១៩ ដែលតាមប្រភព មកពីឥណ្ឌានេះផងដែរ។
ខណៈដែលមេរោគកាចសាហាវ ដែលតា បានបន្តរាតត្បាត ដល់ ២២ រាជធានី ខេត្ត ក្រសួងសុខាភិបាល បានក្រើនរំលឹក ឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន កុំភ្លេចខ្លួនឲ្យសោះ។
គួរបញ្ជាក់ថា បុគ្គលិកសុខាភិបាល ទាំង ៥ នាក់ ដែលក្រសួង រាយការណ៍ឆ្លង ដែលតា មានម្នាក់ ជាបុគ្គលិកផ្នែកអនាម័យ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ម្នាក់ជាបុគ្គលិក សុខាភិបាលខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ចំនួន ៣ នាក់។
គិតចាប់ពីថ្ងៃទី ៣១ ខែមីនា រហូតដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញ អ្នកវិជ្ជមានវីរុសកូវីដ១៩ ប្រភេទ ដែលតា(Delta) លើពលករត្រឡប់ មកពីប្រទេសថៃ និងប្រទេស វៀតណាម អ្នកដំណើរមកតាម ជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិ នៅក្នុងសហគមន៍ សរុបទាំងអស់ ចំនួន ៤៩៤ នាក់ ស្រី ២៤៣ នាក់ និងបានប៉ះពាល់ដល់ ២២ រាជធានី ខេត្ត លើកលែងតែខេត្ត ៣ ប៉ុណ្ណោះ គឺខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ នៅមិនទាន់រកឃើញ ករណីដែលតា។
ក្រសួងសុខាភិបាល បានបញ្ជាក់ថាៈ វីរុសដែលតា (Delta) កំពុងបន្តរាត្បាត វាយលុកចូល ក្នុងសហគមន៍ ជាពិសេស ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្ដាខេត្ត មួយចំនួនទៀត៕/V