ដោយៈ រ៉ាម៉ន / ភ្នំពេញៈ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោកស្រី ព្រមទាំងអភិ បាលរងខណ្ឌ និងមន្ដ្រីក្រោមឱវាទ បាននាំយកអំណោយ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនបងប្អូនពលរដ្ឋទីទ័លក្រ ចំនួន ១៧៤ គ្រួសារ មកពី ២ ភូមិ គឺភូមិត្រង់នំ ៤៩ គ្រួសារ និងភូមិត្បែងមានជ័យ ១២៥ គ្រួសារ នៅសង្កាត់ឪឡោក ខណ្ឌកំបូល នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះ។
ក្នុងឱកាសនោះ លោក ឃឹម ស៊ុនសូដា ដែលជាប្រធានកិក្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជា ខណ្ឌកំបូល ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងតាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈ កម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលជានិច្ចកាល សម្ដេច និងថ្នាក់ដឹកនាំ តែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត លើការងារមនុស្សធម៌ ការលើកកម្ពស់កម្រិតជីវៈភាព រស់នៅរបស់បងប្អូន ប្រជាជន នៅមូលដ្ឋាន និងនៅទូទាំងប្រទេស តាមរយៈកិច្ចការងារ អភិវឌ្ឍន៍គ្រប់ វិស័យឥតឈប់ឈរ និងរីកចម្រើនជាលំដាប់ ជាពិសេស ការអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធាន ៣កុំ ៣ការពារ ដើម្បីចូលរួមការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។
ជាមួយគ្នានេះដែរ លោក ក៏បានផ្ដាំផ្ញើឲ្យបងប្អូន ចូលរួមដោយប្រកាន់ភ្ជាប់ នូវវិធានការ របស់ក្រសួង សុខាភិបាល គឺ ៣កុំ៣ ការពារ ដើម្បីការពារនៃការឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី ដែលតា (Dalta) ផងដែរ។
ក្នុងឱកាសនោះដែរ លោក ឃឹម ស៊ុនសូដា និងលោកស្រី ចែកអំណោយជូនបងប្អូនទីទ័លក្រចំនួន ១៧៤ គ្រួសារ ក្នុង១ គ្រួសារៗ ទទួលបាន, អង្ករ ២៥ គីឡូក្រាម , ត្រីខ១ប្រអប់ មីមួយកេស, ទឹកស៊ីអ៊ីវមួយយួរ , ថ្នាំលេបបញ្ចុះកំដៅ មួយឃីត ៕/V-PC