ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ផ្សារសិរីសោភ័ណ ស្ថិតនៅសង្កាត់ព្រះពន្លា ជាផ្សាររដ្ឋធំបង្អស់ទី២ នៅក្រុងសិរីសោភ័ណ ត្រូវបិទខ្ទប់ដែរ ខណៈផ្សាររដ្ឋធំបង្អស់ទី១ គឺផ្សារចម្ការគ ស្ថិតនៅសង្កាត់កំពង់ស្វាយ មិនទាន់បើកឡើងវិញផងនោះ ។ បន្ថែមលើនោះ អ្នកនៅខាងក្រៅផ្សារ តែស្ថិតក្នុងក្រុងជាង ៨០ នាក់ យកសំណាក បានរកឃើញវិជ្ជមានកូវីដ១៩ ពាក់កណ្តាល ។
លោក ហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានអោយដឹង នៅថ្ងៃទី១៤ ខែសីហាថាៈ ក្នុងផ្សារសិរីសោភ័ណនេះ មានករណីអ្នកវិជ្ជមានកូវីដ ១៩ ដោយក្នុងនោះ មានការជាប់ពាក់ព័ន្ធផ្ទាល់ ប្រយោល សង្ស័យជាច្រើន ពីព្រឹកថ្ងៃទី១៤ សីហា ២០២១ មកទល់ល្ងាចថ្ងៃដដែលនេះ ។
លោកបានបន្តថាៈ គិតត្រឹមល្ងាចនេះ មានអាជីវករ និងអ្នកពាក់ព័ន្ធ ប្រមាណជាង ៥០០ នាក់ ត្រូវបានយកសំណាក ដោយគ្រូពេទ្យជួរមុខ នៃមន្ទីរសុខាភិបាលខេត្ត ក្នុងនោះ រកឃើញវិជ្ជមាន ចំនួនតែ ២២ នាក់នៅឡើយ។
ប៉ុន្តែលោក ហឹុល រ៉ាយ៉ា បានសម្តែងក្តីបារម្ភថាៈ នៅថ្ងៃទី១៤ ខែសីហា ដដែលនេះ អ្នកនៅក្រៅពីផ្សារ សិរីសោភ័ណនេះ ដែលទៅអោយគ្រូពេទ្យជួរមុខ នៃមន្ទីរពេទ្យបង្អែក ក្រុុងសិរីសោភ័ណ នៅមណ្ឌល សាលាបឋមសិក្សាសូភី យកសំណាកធ្វើតេស្ត ចំនួន ៨៥ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៤៤ នាក់ ឯណោះ ។
ចំណែកលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹង នៅថ្ងៃទី១៤ សីហា ដែរថាៈ ក្រុមការងារចម្រុះ គ្រូពេទ្យ បានបន្តធ្វើការពិនិត្យ យកសំណាកអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ នៃផ្សារនេះ នៅទីតាំងផ្សារសិរីសោភ័ណ ផ្នែកខាងកើត ហើយបានរកឃើញ មានអ្នកវិជ្ជមានជាបន្ត ។
ដូច្នេះផ្សារ ត្រូវបានបិទខ្ទប់ ជាបណ្តោះអាសន្ន។ ពោលគឺផ្សារនេះ ត្រូវបិទខ្ទប់ដែរ បន្ទាប់ពីផ្សារចម្ការគ ជាផ្សាររដ្ឋធំបង្អស់ទី១ នៅក្រុងសិរីសោភ័ណ បានបិទខ្ទប់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដោយរកឃើញអ្នកវិជ្ជមានជិត ៤០ នាក់ ។
ដូច្នេះដើម្បីទប់ស្កាត់ នៃការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងនាមគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ ១៩ សូមអោយអាជីវករ និងអ្នកពាក់ព័ន្ធ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ និងអ្នកវិជ្ជមាន ត្រូវព្យាបាលនៅតាមផ្ទះ ឬនៅមណ្ឌល / មន្ទូីររពេទ្យ ព្យាបាលអោយបានត្រឹមត្រូវ និងគោរពវិធានការ សុខាភិបាល ៣ការពារ និង៣កុំ ស្តាប់តាមការណែនាំ ការផ្សព្វផ្សាយអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច រួមគ្នាដើម្បី ទប់ស្កាត់ការចម្លង៕/V