ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ នៅស្រុកថ្មពួក ដែលជាស្រុកចុងក្រោយ នៃខេត្តបន្ទាយមានជ័យ ទើបទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ ត្រូវចាក់វ៉ាក់សាំង ផលិតផល សហរដ្ឋអាមេរិក ប្រភេទ ចនសុន ចនសុន (Johnson & Johnson) ដែលផ្តើមពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ តទៅ ។
ក្នុងពិធីបើកដំណើរការចាក់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ មានការអញ្ជើញដឹកនាំពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ប៉ាល់ សំអឿន តំណាងរាស្ត្រ លោក គឹង វណ្ណៈ អភិបាលរងខេត្ត។
លោក អែម សុខា អភិបាលស្រុកថ្មពួក បានអោយអោយដឹងថាៈ ក្នុងស្រុកនេះផែនការចាក់វ៉ាក់សាំង ជូនពលរដ្ឋ មានអាយុពី ១៨ ឆ្នាំឡើង មានប្រមាណ ៦ មឺុននាក់ ។ ប៉ុន្តែវ៉ាក់សាំងប្រភេទ Johnson & Johnson របស់សហរដ្ឋអាមេរិក ដែលស្រុកទទួលបាន មានចំនួន ៣២.០០០ ដូស ហើយពលរដ្ឋ អាយុ ១៨ឆ្នាំឡើង ដែលមានក្នុងបញ្ជី ត្រូវបានចាក់វ៉ាក់សាំង នៅពេលនេះ មានតែចំនួន ២៥.៩៣៦ នាក់ទេ ។
លោកបានបន្តថាៈ ប៉ុន្តែចំណោមចំនួននោះ មានពលរដ្ឋច្រើន រយពាន់នាក់ដែរ បានទៅទទួលការ ចាក់វ៉ាក់សាំង នៅស្រុក ក្រុងផ្សេង នាពេលកន្លងមក ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថាៈ ពេលនេះ បានបើកយុទ្ធនាការចាក់វ៉ាក់ សាំង ជូនបងប្អូនប្រជាពលរដ្ឋ ទាំង ៦ ឃុំ នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួន ៣២.០០០ ដូស គឺវ៉ាក់សាំងប្រភេទ Johnson & Johnson ត្រូវចាក់តែ ១ ដូសប៉ុណ្ណោះ វាមានប្រសិទ្ធភាព ហើយ។
លោកបានបន្តថាៈ ៩ ក្រុង / ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ បានដំណើរការចាក់វ៉ាក់សាំង គ្រប់ទាំងអស់ហើយ នៅឡើយតែ ស្រុកថ្មពួក ជាស្រុកចុងក្រោយគេ ។ ហេតុនេះ សូមអញ្ជើញពុកម៉ែ បងប្អូន ទៅចូលរួមចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា ដែលជាការផ្តល់ជូន ដ៍ថ្លៃថ្លាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សូមរំលឹកថា ពលរដ្ឋស្រុកស្វាយចេក ក៏ទើបចាក់វ៉ាក់សាំង ប្រភេទខាងលើ ជូនពលរដ្ឋខ្លួន ចំនួន ៣០.០០០ នាក់ លើគម្រោងស្នើសុំចាក់វ៉ាក់សាំង ជូនពលរដ្ឋ មានអាយុ ១៨ឆ្នាំឡើង ចំនួន ៤៧.០០០ នាក់ ៕/V