ប្រែសម្រួលៈវាសនា/គូឡាឡាំពួរ៖នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកមូយីតឌីន យ៉ាសស៊ីន នឹងដាក់ពាក្យសុំលាឈប់ពីតំណែងទៅកាន់ព្រះមហាក្សត្រនៅថ្ងៃចន្ទទី១៦សីហា នេះបើតាមការផ្សាយរបស់សារព័ត៌មានMalaysiakiniដែលយោងតាមសម្តីរបស់រដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រី។
លោករដ្ឋមន្ត្រី ដាទុក សេរី ម៉ូ រ៉េតហ្សួន បាននិយាយថា លោកនាយករដ្ឋមន្ត្រីប្រកាសការសំរេចរបស់លោកនៅពេលលោកជួបសមាជិកសភាមកពីគណបក្សParti Pribumi Bersatu Malaysiaរបស់លោកនៅព្រឹកថ្ងៃអាទិត្យ។«យើងទើបបញ្ចប់កិច្ចប្រជុំ ហើយនឹងមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ។បន្ទាប់ពីនោះ លោកនឹងទៅកាន់វាំងដើម្បីសុំលាឈប់»។
តាមពិតលោកមូយីតឌីន យ៉ាសស៊ីន គ្រោងចូលគាល់ស្តេចនៅរសៀលថ្ងៃចន្ទ ពេលដែលព្រះមហាក្សត្រត្រូវគេរំពឹងថានឹងគាបសង្កត់អោយលោកមូយីតឌីនរៀបចំធ្វើការបោះឆ្នោតសម្តែងការទុកចិត្តរដ្ឋាភិបាលនៅសភាជាបន្ទាន់ ឬក៏ចុះចេញពីតំណែង។
លោកមូយីតឌីនដំបូងរង់ចាំអ៊ុតមើលសម្លេងគាំទ្រនៅក្នុងការបោះឆ្នោតសម្តែងការទុកចិត្តដែលគ្រោងធ្វើនៅថ្ងៃ០៧កញ្ញាឯណោះតែបន្ទាប់ពីការកៀរគរការគាំទ្រពេញមួយថ្ងៃសុក្រមិនទទួលបានផលល្អ សមាជិកសភាក្រុមកាន់អំណាចបន្តប្រជុំមួយថ្ងៃសៅរ៍និងថ្ងៃអាទិត្យនេះទៀតក្រោយពីលោកនាយករដ្ឋមន្ត្រីសុំផ្តល់សម្បទានដល់គណបក្សប្រឆាំងជាថ្នូរនឹងការគាំទ្រ តែសំណើរបស់លោកត្រូវបដិសេធដាច់ខាត។
ដើម្បីបង្កើតរដ្ឋាភិបាលឬធ្វើជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី វាទាមទារការគាំទ្រពីសមាជិកសភាយ៉ាងតិច១១១រូប តែលោកលោកមូយីតឌីនមានការគាំទ្រពីសមាជិកសភាត្រឹមតែ១០០ ខណៈ៨៨ទៀតគាំទ្រមេដឹកនាំប្រឆាំងអាន់វ៉ា អ៊ីប្រាហ៊ីម ១៥គាំទ្រប្រធានគណបក្សUmnoនិង១៧ទៀតគាំទ្រអតីតនាយករដ្ឋមន្ត្រីមហាធៀ ម៉ូហាម៉ាត។
ការកាន់អំណាចរបស់លោកមូយីតឌីនហាក់មិនឋិតថេរចាប់តាំងពីលោកឡើងកាន់អំណាចនៅខែមីនាឆ្នាំ២០២០ ដោយសារតែរដ្ឋាភិបាលលោកមានការគាំទ្រសម្លេងភាគច្រើនស្តួចស្តើងក្នុងសភា។សម្ពាធកាន់តែកើនឡើងនៅពេលថ្មីៗក្រោយសមាជិកសភាខ្លះមកពីគណបក្ស United Malays National Organisation (UMNO)ដែលជាដៃគូធំមួយក្នុងរដ្ឋាភិបាលចម្រុះដកការគាំទ្រពីលោក។
កាលពីថ្ងៃសុក្រលោកមូយីតឌីនបានសារភាពជាលើកដំបូងថាលោកលែងរកបានសម្លេងភាគច្រើននិងបានព្យាយាមចុងក្រោយដើម្បីទាក់ទាញក្រុមប្រឆាំងជាមួយនឹងការសន្យាកែទំរង់នយោបាយនិងប្រព័ន្ធបោះឆ្នោត ជាថ្នូរនឹងការគាំទ្រក្នុងការបោះឆ្នោតសម្តែងការទុកចិត្តលើមុខតំណែងរបស់លោក តែក្រុមប្រឆាំងច្រានចោលដាច់អហង្ការ៕
លោកមូយីតឌីន យ៉ាសស៊ីន ប្រាប់សមាជិកគណបក្សរបស់លោកអំពីការសំរេចចិត្តលាឈប់ នៅពេលលោកអស់លទ្ធភាពរក្សារដ្ឋាភិបាលនេះអោយបន្តនៅក្នុងអំណាច