ដោយ: ភ្នំដែក/ព្រះវិហារ៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានប្រគល់គ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនដល់អង្គភាពកងទ័ព កងពលតូចអន្តរាគមន៍លេខ៨ដែលឈរជើងនៅសមរភូមិទិសទី១ប្រាសាទព្រះវិហារសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោក ប្រាក់ សុវណ្ណ បានថ្លែងថា អំណោយដែលប្រគល់ជូនកងទ័ព ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នាពេលនេះ គឺបានមកពីការចូលរួមឧបត្ថម្ភ ពីក្រុមហ៊ុន សប្បុរសជននិងមន្ទីរ អង្គភាពជំវិញខេត្ត ជូនរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងខេត្ត។
លោកអភិបាលខេត្តក៏បានណែនាំដល់កងទ័ពត្រូវការពារខ្លួនដោយបន្តអនុវត្តឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួង សុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ។

អំណោយដែលប្រគល់ជូនកងទ័ពរួមមាន៖ មីខ្លាឃ្មុំចំនួន២០កេស មីម៉ាម៉ា២កេសធំ ត្រីខ២កេសធំ ទឹកបរិសុទ្ធ២០កេស និង៤០យួរ ទឹកក្រូចកូកាកូឡា១០កេស ស្ទីង២០កេស ម៉ាស១០០ប្រអប់អាល់កុល៦០លីត្រនិងប៉ៅអ៊ីបត់ចំនួន៣០៕សរន