ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការណែនាំឲ្យពលរដ្ឋទៅរកសេវ៉ាតេស្ត មេរោគកូវីដ១៩ នៅមន្ទីរពេទ្យរដ្ឋឬទីតាំងយកសំណាករបស់រដ្ឋដែលបានរៀបចំគឺមិនគិតថ្លៃទេ តែប្រសិនបើមន្ទីរពេទ្យឯកជនគឺមានតម្លៃថ្លៃដោយសារតែគេគិតបញ្ចូល ទាំងថ្លៃសម្លៀកបំពាក់ពេទ្យពាក់ពេលធ្វើតេស្ត ។
ការណែនាំរបស់សម្តេចតេជោជាការឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលបានលើកឡើងពីតម្លៃធ្វើតេស្តរកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យឯកជនមានតម្លៃថ្លៃដោយបាន ចូលមកលើកជាសំណួរ នៅលើទំព័រហ្វេសប៊ុករបស់សម្តេច នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។
ប្រជាពលរដ្ឋដែលមានគណនីហ្វេសប៊ុក «Bou Pheakdey» បានចោទសួរសម្តេចនាយករដ្ឋមន្ត្រីថា៖ «ពេទ្យឯកធ្វើតេស្តកូវីដ១៩ អីក៏ថ្លៃម្ល៉េះ?»។ឆ្លើយតបសំណួរនេះ សម្តេចតេជោបានគូសបញ្ជាក់ថាការធ្វើតេស្តនៅពេទ្យឯក ជនថ្លៃដោយសារការធ្វើតេស្តនោះគឺគិតទាំងថ្លៃឧបករណ៍ធ្វើតេស្តនិងថ្លៃសម្លៀកបំពាក់ដែលពេទ្យពាក់នៅពេល ធ្វើតេស្តនោះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក៏បានណែនាំឱ្យទៅរកការធ្វើតេស្តនៅកន្លែងដែលរដ្ឋរៀបចំដែលជាការធ្វើតេស្តមិនមានគិតថ្លៃ។
សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះ«ខ្ញុំក៏បានសួររឿងនេះដែរ។ចម្លើយត្រឡប់មកវិញគឺផ្នែកឯកជនមិនមែនគិតតែឧបករណ៍ធ្វើតេស្តទេគឺគិតទាំងតម្លៃខោអាវពេទ្យដែល ពាក់សម្រាប់ធ្វើតេស្តផងដែរ។ចម្លើយនេះសមហេតុផលព្រោះពេលធ្វើតេស្តត្រូវពាក់ខោអាវពេទ្យដើម្បីការពារខ្លួនរបស់គ្រូពេទ្យ ។ ប្រសិនយល់ថាពេទ្យឯកជនថ្លៃសូមទៅ យកសំណាកនៅកន្លែងរដ្ឋរៀបចំ» ៕