ប្រែសម្រួលៈវាសនា/ កាប៊ុល៖ យុទ្ធជនតាលីបង់បានចូលក្នុងរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យទី១៥សីហា នេះបើតាមការបញ្ជាក់ពីមន្ត្រីក្រសួងមហាផ្ទៃម្នាក់ នៅពេលអាម៉េរិកជម្លៀសអ្នកការទូតរបស់ខ្លួនចេញពីស្ថានទូតតាមឧទ្ធម្ភាគចក្រ។
មន្ត្រីជាន់ខ្ពស់រូបនេះបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមបះបោរតាលីបង់បាន«ចូលមកពីគ្រប់ទិស»តែលោកមិនបានផ្តល់ព័ត៌មានលម្អិតទេ។
សារក្នុងទ្វីតធើមួយចេញពីវិមានប្រធានាធិបតីអាហ្វហ្គានីស្ថានបាននិយាយថា គេឮការបាញ់គ្នានៅជាច្រើនចំណុចជុំវិញទីក្រុងកាប៊ុល តេកងកម្លាំងសន្តិសុខក្នុងកិច្ចសហការជាមួយដៃគូបរទេសនៅត្រួតត្រាទីក្រុងនេះនៅឡើយ។
ក្នុងពេលជាមួយគ្នា មន្ត្រីអាម៉េរិកបាននិយាយថាពួកអ្នកការទូតត្រូវបានបញ្ជូនចេញពីស្ថានទូតទៅកាន់អាកាសយានដ្ឋាន។ទាហានអាម៉េរិកច្រើនទៀតនឹងត្រូវបញ្ជូនមកជួយការជម្លៀសក្រោយពីពួកតាលីបង់រុលមកកាន់រដ្ឋធានីលឿនដូចផ្លេកបន្ទោរតែក្នុងរយៈពេលប៉ុន្មានថ្ងៃសោះ។
ទើបតែសប្តាហ៍មុន ផ្នែកចារកម្មអាម៉េរិកបានវាយតំលៃថាទីក្រុងកាប៊ុលអាចទប់ទល់បានយ៉ាងយូរត្រឹម៣ខែ។ឥឡូវសមាជិកក្រុមអាម៉េរិកកំពុងធ្វើការចេញពីអាកាសយានដ្ឋានកាប៊ុលនៅពេលមន្ត្រីម្នាក់មកពីសម្ពន្ធភាពអង្គការណាតូ បាននិយាយថា បុគ្គលិកសហភាពអឺរ៉ុបជាច្រើនបានរើទៅកាន់កន្លែងមានសុវត្ថភាពមួយនៅក្នុងរដ្ឋធានី។
នៅថ្ងៃនេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បាននិយាយថានឹងមានការផ្ទេរអំណាចដោយសន្តិវិធីទៅអោយរដ្ឋាភិបាលអន្តរកាលមួយ។លោកបាននិយាយនៅក្នុងសារថតទុកមួយថា«ប្រជាជនអាហ្វហ្គានីស្ថានគួរកុំបារម្ភ…នឹងមិនមានការវាយប្រហារលើទីក្រុងទេហើយនឹងមានការផ្ទេរអំណាចដោយសន្តិវិធីមួយទៅអោយរដ្ឋាភិបាលអន្តរកាល»។
មន្ត្រីក្រុមតាលីបង់ម្នាក់ក៏បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមខ្លួនមិនចង់ឃើញការបាត់បង់អាយុជីវិតមនុស្សទេ តែក៏មិនមានប្រកាសបទឈប់បាញ់ដែរ។
នៅមិនទាន់មានការបញ្ជាក់អំពីស្ថានភាពរបស់ប្រធានាធិបតី អាសរ៉ាហ្វ ហ្កានីយ៉ាងណានៅឡើយទេ ។កាលពីថ្ងៃសៅរ៍លោកបាននិយាយថាលោកចង់ពិភាក្សាជាមួយមេដឹកនាំមូលដ្ឋាននិងដៃគូអន្តរជាតិអំពីស្ថានការណ៍ស្រុកទេស៕
ឧទ្ធម្ភាគចក្រអាម៉េរិកហោះលើស្ថានទូតដើម្បីជម្លៀសបុគ្គលិកទូតទៅកាន់អាកាសយានដ្ឋាន
ទាហានអាហ្វហ្គានីស្ថានឈរយាមនៅក្រុងកាប៊ុល
កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមតាលីបង់បានដណ្តើមយកទីក្រុងចាឡាឡាបាតដោយគ្មានការប្រយុទ្ធគ្នាជាមួយកងកម្លាំងរដ្ឋាភិបាលទេ។ក្នុងរូប យុទ្ធជនតាលីបង់ចូលក្រុងចាឡាឡាបាត